អ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២៥ មានចំនួនសរុបជាង ១០លាននាក់ និង បញ្ជីបោះឆ្នោតផ្លូវការនឹងផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែកក្កដា

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)ឱ្យដឹងថាអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥ សរុបចំនួន ១០.១៦២.២៣២ នាក់ ស្មើនឹង ៩០,៥០ភាគរយ ហើយសម្រាប់បញ្ជីបោះឆ្នោតផ្លូវការនឹងធ្វើការផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា ក្នុងលទ្ធផល នៃកិច្ចប្រជុំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ក្នុងចំណោមអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការនេះដែរមានយុវជនអាយុ ១៨ឆ្នាំឡើង ក្នុងនោះស្រីសរុបចំនួន ៥.៣៩៣.៣០៩ នាក់ និងការិយាល័យបោះឆ្នោតសរុបចំនួន ២៤.២៣៥ ការិយាល័យ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានបើកកិច្ចប្រជុំមានការចូលរួមពីសំណាក់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នេះធ្វើឡើងដើម្បីពិនិត្យ និងសម្រេចលើកំណត់ហេតុនៃកិច្ចប្រជុំរបស់ គ.ជ.ប និងសេចក្តីសម្រេចស្តីពី ការផ្តល់សុពលភាព និងដាក់ឱ្យប្រើប្រាស់បញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២៥។

ជាមួយគ្នានេះ គ.ជ.ប ក៏បានឱ្យដឹងដែរថា សម្រាប់ ឆ្នាំ២០២៦ ខាងមុខ តាមការប៉ាន់ស្មានអ្នកដែលមានអាយុ ១៨ឆ្នាំឡើង គិតដល់ថ្ងៃបោះឆ្នោត ហើយមិនទាន់បានចុះឈ្មោះបោះឆ្នោតមានប្រមាណជាង ១លាននាក់ និងអ្នក មានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្តែមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ក្នុងបញ្ជីបោះឆ្នោតមានចំនួនប្រមាណ ៤លាន៥សែននាក់។ ដូចនេះរយៈពេល នៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតត្រូវការរយៈពេល ៧០ថ្ងៃ ដោយមិនទាន់រួមបញ្ចូល ពេលវេលានៃការដោះស្រាយពាក្យបណ្ដឹងពាក់ព័ន្ធនឹងដំណើរការពិនិត្យបញ្ជីឈ្មោះ និង ការចុះឈ្មោះបោះឆ្នោតផងទេ ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner