សាស្ត្រាចារ្យសាកលវិទ្យាល័យតូក្យូ ចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្ដិភាព នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោក KAWASHIMA Shin សាស្រ្តាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យតូក្យូ បានបង្ហាញការចាប់អារម្មណ៍ស្វែងយល់បន្ថែមអំពីកម្ពុជា និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។

ក្នុងជំនួបនេះ លោកសាស្ត្រាចារ្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចបវរធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និង សហការី បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកសាស្ត្រាចារ្យបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោក និងសហការី គឺដើម្បីស្វែងយល់បន្ថែមអំពីប្រទេសកម្ពុជា, ការអភិវឌ្ឍ សង្គម -សេដ្ឋកិច្ច និង នយោបាយការបរទេស តាមរយៈការជួបពិភាក្សាជាមួយតំណាងក្រសួង-ស្ថាប័ន និងគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន។

លោកសាស្ត្រាចារ្យក៏បានគោរពស្នេីសុំសម្តេចបវរធិបតី ចែករំលែក អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន។

ជាការឆ្លើយតប, សម្តេចបវរធិបតី បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកសាស្ត្រាចារ្យ និងសហការី នៅកម្ពុជា ក៏ដូចជាបំណងស្វែងយល់អំពីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ថា ជប៉ុនគឺជាមិត្តដ៏ល្អរបស់កម្ពុជា និងជាដៃគូដ៏សំខាន់ ដែលបានចូលរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចបវរធិបតីបានលើកឡើងថា គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺផ្តោតការយកចិត្តទុកដាក់លើប្រជាជនជាចម្បង សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសេីរឡេីង តាមរយៈការជំរុញវិស័យសុខាភិបាល, អប់រំ, ការបង្កើតការងារ និងការបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និង វិនិយោគ។

សម្ដេចបវរធិបតី និងលោកសាស្ត្រាចារ្យក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិ ដែលពាក់ព័ន្ធនឹងការរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាព របស់តំបន់ និងសកលលោក ក្នុងបរិការណ៍ដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner