កម្ពុជា-អាម៉េរិក នឹងបន្តធ្វើការជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ដែលជាក្ដីកង្វល់រួម
(ភ្នំពេញ)៖ ភារធារីស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ បានសម្ដែងនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ហើយសង្ឃឹមថា កម្ពុជា និងសហរដ្ឋអាម៉េរិក នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ដែលជាក្ដីកង្វល់រួម ។ នេះជាការថ្លែងរបស់លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្ដីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ក្នុងឱកាសដឹកនាំសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា កម្ពុជា នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ។
នៅក្នុងកិច្ចសន្ទនា ឯកឧត្តម អ៊ុច បូររិទ្ធ និង លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានពិភាក្សាគ្នាអំពីបញ្ហានានាទាក់ទងនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានផ្លាស់ប្ដូរយោបល់គ្នាអំពីស្ថានការណ៍វិវត្តន៍ថ្មីៗនៅក្នុងតំបន់ និងអន្តរជាតិ។
ឯកឧត្តម អ៊ុច បូររិទ្ធ បានអបអរសាទរចំពោះព្រឹត្តិការណ៍សំខាន់ៗដែលបានរៀបចំនៅក្នុងឱកាសខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងអាម៉េរិក ដែលជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានអបអរសាទរផងដែរចំពោះជោគជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហរដ្ឋអាម៉េរិក ដែលឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំជាមួយ ឯកឧត្តម ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) រដ្ឋមន្ត្រីការបរទេសអាម៉េរិក នាពេលថ្មីៗនេះ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ក្នុងតួនាទីកម្ពុជា ជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក ។
ឯកឧត្តម អ៊ុច បូររិទ្ធ បញ្ជាក់ថា ស្ថិតនៅចំពោះមុខការបង្កហេតុរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា ភាគីកម្ពុជា បានប្រកាន់ជំហរអត់ធ្មត់មិនប្រើកម្លាំងតបត និងស្វែងរកការដោះស្រាយបញ្ហាដោយសន្តិវិធីតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ លើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។
ឯកឧត្តម បានបន្ថែមថា គ្រប់ដំណើរការនៃការចរចាទ្វេភាគី កម្ពុជា-ថៃ និងចាប់ផ្តើមឡើងវិញនៅក្រោយពេលដែលភាគីថៃ បើកច្រកព្រំប្រទល់ឡើងវិញទាំងអស់ និងបានចោទសួរពីសុឆន្ទៈពិតប្រាកដរបស់ថៃក្នុងការដោះស្រាយបញ្ហាវិវាទព្រំប្រទល់រវាងប្រទេសទាំងពីរ តើហេតុអ្វីបានជាប្រទេសថៃ ខ្លាចរអាមិនហ៊ានទៅតុលាការយុត្តិធម៌អន្តរជាតិ?
ឯកឧត្តម បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគោរពឱ្យបានម៉ឺងម៉ាត់នូវលិខិតុបករណ៍គតិយុត្ត ជាពិសេស អនុសញ្ញារវាងបារាំង និងសៀម ឆ្នាំ១៩០៤ សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ និង MOU រវាងកម្ពុជា និងថៃ ស្តីពីការវាស់វែង និងការបោះបង្គោលព្រំដែនគោក ឆ្នាំ២០០០ ដែលភាគីថៃខ្លួនឯងជាភាគីហត្ថលេខី នឹងនាំទៅរកដំណោះស្រាយមួយយូរអង្វែងជានិច្ចនិរន្តរ៍ ដើម្បីជាគុណប្រយោជន៍ដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសម្រាប់ប្រជាជនប្រទេសទាំងពីរ កម្ពុជា-ថៃ។
ចំពោះបញ្ហាឆបោកតាមអនឡាញ ឯកឧត្តមអនុប្រធានទី១ បញ្ជាក់ថា កម្ពុជា ជាប្រទេសរងគ្រោះ ដោយសារបទល្មើសឆបោកតាមអនឡាញ ដែលកំពុងកើតមាននៅក្នុងបណ្តាប្រទេសជាច្រើនក្នុងសកលលោក។ ប្រឈមមុខចំពោះបាតុភាពអសកម្មនៅក្នុងសង្គមនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែកុម្ភៈ កន្លងទៅនេះ បានប្រកាសដាក់ចេញនូវវិធានការដ៏មុតស្រួចមួយក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មជួញដូរមនុស្សនៅកម្ពុជា ដោយបង្កើតឱ្យមានគណៈកម្មការមួយ ដែលដឹកនាំដោយសម្តេចផ្ទាល់ អមដោយឧបនាយករដ្ឋមន្ត្រី និងក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ក៏បានលើកជាអនុសាសន៍ថា ជាមួយនឹងការរឹតបន្តឹងការអនុវត្តច្បាប់ គួរតែបណ្តាប្រទេសដែលមានប្រជាជនរងគ្រោះ ខិតខំអប់រំ និងផ្សព្វផ្សាយអំពីល្បិចកល និងផលវិបាកនានា ឱ្យបានទូលំទូលាយដល់ប្រជាជនខ្លួន។
ជាការឆ្លើយតប លោកស្រី ប្រៃហ្គេត អែល វ៉កឃឺរ បានបង្ហាញពីការបេ្តជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា ក៏ដូចជាអាស៊ាន ដែលក្នុងនោះ លោកស្រីបានរំលេចថា ឯកឧត្តម ម៉ាកូ រ៉ូប៊ីអូ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន នាពេលកន្លងទៅ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងនាមជាប្រទេសសម្របសម្រួលដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក។
លោកស្រី បានថ្លែងអំណរគុណយ៉ាងជ្រាជ្រៅចំពោះការបកស្រាយបំភ្លឺរបស់ឯកឧត្តមអនុប្រធានទី១ អំពីបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ និងបានសម្តែងនូវក្តីសង្ឃឹមថា ភាគីទាំងពីរ នឹងរកបាននូវដំណោះស្រាយដោយសន្តិវិធីឱ្យបានឆាប់រហ័ស និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកអនឡាញ ព្រមទាំងបានគូសបញ្ជាក់ពីការត្រៀមខ្លួនរបស់សហរដ្ឋអាម៉េរិក ក្នុងការសហការជាមួយកម្ពុជា សំដៅអនុវត្តកិច្ចការនេះឱ្យបានជោគជ័យ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






