តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន
ភ្នំពេញ៖ នាឱកាសដឹកនាំប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការគួរសមចំពោះឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា កាលពីថ្ងៃថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អូស្មាន សាហ្គឡាម សមាជិករដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាតួកគីយ៉េប្រចាំអន្តរសភាអាស៊ាន (AIPA) បានគូសបញ្ជាក់ថា តួកគីយ៉េ ប្តេជ្ញាពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន ។
ក្នុងឱកាសនៃជំនួប ឯកឧត្តមអនុប្រធានទី១ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូតួកគីយ៉េ ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំអ្នកនយោបាយនៃអន្តរសភាអាស៊ានលើកទី ១៦ (16th AIPA Caucus) ចាប់ពីថ្ងៃទី១៤-១៧ ខែកក្កដា ឆ្នាំ២០២៥។
ឯកឧត្តមអនុប្រធានទី១ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការសភា ការទូត និងការអភិវឌ្ឍប្រកបដោយចីរភាព នៅក្នុងអាស៊ាន និងដៃគូអាស៊ាន។
ឯកឧត្តមអនុប្រធានទី១ ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង កម្ពុជា-តួកគីយ៉េ ដែលត្រូវបានពង្រឹង និងពង្រីកជាលំដាប់ គ្របដណ្ដប់វិស័យសំខាន់ៗ ជាពិសេស វិស័យសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ព្រមទាំងវិស័យអប់រំ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាដែលរដ្ឋាភិបាលតួកគីយ៉េ បានផ្តល់តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលទួរគី(TIKA) ដល់កម្ពុជា ក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម។
ជាការឆ្លើយតប ឯកឧត្តម អូស្មាន សាហ្គឡាម បានបង្ហាញពីក្ដីសោមនស្សរីករាយក្នុងការអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំអ្នកនយោបាយនៃអន្តរសភាអាស៊ានលើកទី ១៦ (16th AIPA Caucus) ដែលនេះគឺជាលើកទីមួយរបស់តួកគីយ៉េ បន្ទាប់ពីបានក្លាយអ្នកសង្កេតការណ៍របស់ “អាយបា” កាលពីខែសីហា ឆ្នាំ២០២៣។
ឯកឧត្តម បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រទេសតួកគីយ៉េនៅក្នុងការពង្រឹងចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា រួមទាំងអាស៊ាន។
ឯកឧត្តមអនុប្រធានទី១ បង្ហាញពីជំនឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាតួកគីយ៉េ នាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ដល់ការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងតំបន់ ឱ្យឡើងខ្ពស់ថែមមួយកម្រិតទៀត និងទទួលបាននូវភាពសប្បាយរីករាយ ក្នុងឱកាសស្នាក់នៅប្រទេសកម្ពុជា ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ



