ដំណាំពោតពលរដ្ឋឃុំកោះមិត្ត ចាប់ផ្តើមផ្តល់ផល ខណៈទឹកទន្លេមេគង្គចាប់ផ្តើមឡើង
កំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទៃដីចម្ការពោតនៅទីវាលទំនាបបានកំពុងមមាញឹកក្នុងការប្រមូលផលពោតរបស់ខ្លួន ស្ថិតនៅចំណុច ភូមិកោះប្រលូង ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម្ចាស់ដំណាំបានឱ្យដឹងថា ក្នុងខែកក្កដាឆ្នាំនេះទឹកឡើងសន្សឹមៗ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ។ស្ថានភាពនេះក៏ជួនពេលដែលពួកគាត់ត្រូវប្រមូលផលដែរ។ការប្រមូលផលនៅទីនេះដោយកាច់នឹងដៃ មិនអាចប្រើម៉ាស៊ីនច្រូតបានទេដោយសារស្ថានភាពចម្ការ។ចំណែកចម្ការពោតខ្លះបានប្រមូលផលរួចអស់ហើយ និងចម្ការពោតផ្សេងទៀតក៏មិនទាន់ប្រមូលផលនៅឡើយដោយសារចម្ការនោះស្ថិតនៅទីខ្ពស់ជាងទឹកទន្លេ។
លោក វ៉ែន នាង មេឃុំកោះមិត្ត ធ្លាប់ប្រាប់ថា ឃុំកោះមិត្ត មានផ្ទៃដីពោតក្រហមសរុប ៣៣៦ ហិកតា។
ដោយឡែកនៅថ្ងៃទី១៨ ខែកក្កដានេះដែរ ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានបន្តឡើងថែមទៀត។លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាមបានឱ្យដឹងថា ទឹកទន្លេមេគង្គខេត្តកំពង់ចាម នៅថ្ងៃទី១៨ ខែកក្កដានេះទឹកទន្លេបានឡើងថែមទៀតដល់កម្ពស់១០.២០ម៉ែត្រ ធៀបថ្ងៃម្សិលមិញ ទឹកឡើងកម្ពស់០,១៨ម៉ែត្រ។ កម្ពស់ទឹកនាពេលនេះធៀបទៅឆ្នាំ២០២៤ទឹកទន្លេ មានកម្ពស់ត្រឹម ៨.៩៨ម៉ែត្រខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥,២០ម៉ែត្រ។
ចំពោះស្ថានភាពអាកាសធាតុកាលពីថ្ងៃទី១៧ ខែកក្កដា មានភ្លៀងធ្លាក់តិច ឫច្រើននៅស្រុកនិងក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ៕
ដោយ៖លី ពៅ


