សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា មានសន្តិភាព ហើយប្ដេជ្ញាការពារអ្វីដែលកម្ពុជាមានបច្ចុប្បន្ន ឱ្យបានល្អប្រសើរ
(ភ្នំពេញ)៖ ការបែកបាក់ពីអតីតកាលរបស់កម្ពុជា ដែលមានផែនដីធំទូលាយ ក្លាយជាប្រទេសតូច ហើយឥឡូវនេះ កម្ពុជា មានសន្តិភាព ដូច្នេះ កម្ពុជា គឺត្រូវប្ដេជ្ញាការពារអ្វីដែលមានបច្ចុប្បន្ន មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ទៅប្រទេសក្បែរខាងឡើយ ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឧត្តមសេនីយ៍ឯក Mabagos Galido O-10285 PA មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ទី៦៦ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធភា បានឱ្យដឹងនៅក្រោយបញ្ចប់កិច្ចពិភាក្សាថា សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន និងសមាជិកគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមពិធីបិទវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ។ សម្តេច បញ្ជាក់ថា វត្តមានរបស់លោក និងគណៈប្រតិភូ ពេលនេះ ក៏ដូចជាកាលពីឆ្នាំកន្លងទៅ បានបង្ហាញឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និត និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងគោកនៃប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានបន្តថា តាមរយៈទំនាក់ទំនងល្អរវាងកងទ័ពជើងគោក ដែលជាកងទ័ពស្នូលនៃប្រទេសយើងទាំងពីរនេះ សហប្រតិបត្តិការនៃវិស័យផ្សេងៗទៀត នឹងកាន់តែបង្កើនថែមទៀត ។
នាឱកាសនេះជំនួបនេះ មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានសម្តែងនូវអំណរអរគុណ និងដឹងគុណចំពោះសម្តេចតេជោ ដែលបានផ្តល់នូវបុព្វសិទ្ធិក្នុងឱកាសដ៏កម្រនេះ អនុញ្ញាតឱ្យលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម។ លោក បញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងគណៈប្រតិភូកងទ័ពជើងគោកហ្វីលីពីននៅកម្ពុជានាពេលនេះ នឹងបន្តលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ជាពិសេសការបន្តចែករំលែកបទពិសោធរវាងកងទ័ពហ្វីលីពីន និងកម្ពុជា តាមរយៈសកម្មភាពហ្វឹកហ្វឺនរួមគ្នាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងនូវការសាទរចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងកងទ័ពប្រទេសយើងទាំងពីរ។ សម្តេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរៀបចំឱ្យមានវគ្គហ្វឹកហ្វឺនស្រាវជ្រាវ និងប្រយុទ្ធក្នុងទីក្រុងនាពេលនេះ ហើយនេះ ជាផ្នែកមួយដ៏សំខាន់សម្រាប់កងទ័ពកម្ពុជាក្នុងការពង្រឹងសមត្ថភាពនិងបទពិសោធន៍ខ្លួន បន្ថែមលើសមត្ថភាពប្រយុទ្ធក្នុងព្រៃដែលមានកន្លងមក។
សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអតីតកាល និងចែករំលែកបទពិសោធន៍របស់សម្តេច ទៅមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីនថា សម្តេច បានចូល បម្រើកងទ័ពតាំងពីវ័យ១៨ឆ្នាំ ដោយមានការប្រយុទ្ធបង្ហូរឈាមជាមួយសត្រូវ ព្រមទាំងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ រហូតនាំឲ្យជាតិ មានសុខសន្តិភាពមកដល់បច្ចុប្បន្ន ។
សម្តេចតេជោ បានចែករំលែកបទពិសោធន៍ និងរំលេចអំពីស្ថានភាពបែកបាក់ពីអតីតកាលរបស់កម្ពុជា កាលពីជាង៥០០ឆ្នាំ ដែលធ្លាប់ជាប្រទេសមានផែនដីធំទូលាយ ប៉ុន្តែក្លាយជាប្រទេសតូច ដោយសារការបែកបាក់គ្នា ហើយឥឡូវនេះ កម្ពុជា មានសន្តិភាព ហើយកម្ពុជា ត្រូវពង្រឹងនូវខឿននៃការការពារនូវអ្វីដែលដីកម្ពុជាមាន ទោះបីជាបច្ចុប្បន្នតូច ប៉ុន្តែការពារនូវអ្វីដែលយើងមាននាពេលបច្ចុប្បន្នឲ្យបានល្អប្រសើរ មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ។
ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានកោតសរសើរជាខ្លាំងចំពោះភាពវ័យឆ្លាត ប៉ិនប្រសប់របស់សម្តេចតេជោ ។ ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯកមេបញ្ជាការ ក៏បានផ្តល់តម្លៃខ្ពស់ចំពោះបទពិសោធន៍របស់សម្តេចតេជោ ដែលបានលះបង់អាយុជីវិត តាំងពីវ័យក្មេង ដើម្បីជាតិមាតុភូមិ ។
ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ចាត់ទុកថា នេះជាបទពិសោធន៍ដ៏កម្របំផុត ក្នុងនាមជាដឹកនាំ១រូបរបស់កម្ពុជា ដែលមានភាពអស្ចារ្យយ៉ាងខ្លាំង ។ ឧត្តមសេនីយ៍ឯករូបនេះ អះអាងថា លោកពិតជាទទួលបានចំណេះដឹង និងគំនិតថ្មីៗ ព្រមទាំងបទពិសោធន៍ពីសម្តេចតេជោផងដែរ ៕





អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ