ក្រុមហ៊ុនបណ្តាញសង្គមធំៗលើលោក សន្យារួមគ្នាប្រឆាំងនឹងក្រុមជ្រុលនិយមតាមអនឡាញ
កាលពីថ្ងៃពុធទី១៥ ខែឧសភា ម្សិលមិញ បណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមយក្ស បានសន្យារួមគ្នាថា នឹងបង្កើតឲ្យមានវិធានការថ្មី ក្នុងការទប់ទល់នឹងមាតិការនៃក្រុមជ្រុលនិយម ចូលចិត្តប្រើហិង្សា នៅតាមបណ្តាញអ៊ីនធើណិត ពោលគឺចំពេលដែលមានការដាក់សំពាធពីបណ្តារដ្ឋាភិបាលប្រទេសនានា ជំរុញឲ្យសកម្មភាពទុបស្កាត់ ក្រោយពេលទើបកើតមានការវាយប្រហារស្លាប់រង្គាល នៅវិហារសាសនាអ៊ិស្លាមចំនួន២ នៅប្រទេសញ៉ូវហ្សេឡែន កាលពីខែមីនា។
នាយកប្រតិបត្តិក្រុមហ៊ុន Google, Twitter, Facebook និង Microsoft បានជួបប្រជុំគ្នា ជាមួយមេដឹកនាំបារាំង ញ៉ូវហ្សេឡែន និងមេដឹកនាំប្រទេសមួយចំនួនទៀត នៅទីក្រុងប៉ារីស ក្នុងវេទិកាមួយស្តីពីការលើកទឹកចិត្តឲ្យមានការដោះស្រាយបញ្ហានៅលើអនឡាញ។
សូមរម្លឹកថា ខ្មាន់កាំភ្លើងម្នាក់បានបាញ់សម្លាប់មនុស្ស៥១នាក់ នៅព្រះវិហារអ៊ិស្លាមចំនួន២ ក្នុងប្រទេសញ៉ូហ្សេឡែន កាលពី២ខែមុន ខណៈដែលជនបង្កបានថតវីដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុក ពីហេតុសកម្មភាពបាញ់ប្រហារនេះ ដោយបំពាក់កាមេរ៉ាលើក្បាលរបស់គេ។ ហ្វេសប៊ុក ត្រូវបានរិះគន់ខ្លាំង ចាប់តាំងពីកើតមានការវាយប្រហារនេះ ពោលគឺក្រោយពេលដែលវីដេអូនេះ ត្រូវបានចែករំលែកតៗគ្នា រាប់សិបលានដង ទោះបីជាហ្វេសប៊ុកប្រឹងប្រែងយកចេញ ឬ Remove ក៏ដោយ។
ក្នុងវេទិកាឈ្មោះថា “Christchurch Call” ឱកាសនោះដែរ តំណាងហ្វេសប៊ុក បានសន្យាថា នឹងរឹតបន្តឹងចំពោះការផ្សាយផ្ទាល់តាមហ្វេសប៊ុក ជាពិសេស ការច្រានចោលសេវាកម្មដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ចែករំលែករឿងរាវជ្រុលនិយមជាដើម៕ធ.ដ