រដ្ឋបាលខេត្តកំពង់ឆ្នាំងជំរុញដល់កម្លាំងពាក់ព័ន្ធទាំងអស់ចូលរួមក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
កំពង់ឆ្នាំង៖ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់បទបញ្ជាដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់នៃរដ្ឋបាលខេត្ត ត្រូវចូលរួមឱ្យបានសកម្មអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ការណែនាំនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់គណៈបញ្ជាការឯកភាពខេត្ត ដើម្បីអនុវត្តតាមសេចក្តីណែនាំនិងបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធអនឡាញ ។
ក្នុងកិច្ចប្រជុំបន្ទាន់ខាងលើមានការចូលរួម ពីមន្រ្តីនៃមន្ទីរពាក់ព័ន្ធដូច មន្ទីរការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, មន្ទីរទេសចរណ៍ មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ កងកម្លាំងទាំងបីប្រភេទ ក្រុមហ៊ុនប្រមូលសំរាម ជាដើម។
ឯកឧត្តមអភិបាលបានបញ្ជាក់ដល់សមាជិកអង្គប្រជុំថា ត្រូវយកចិត្តតាមដាន ឱ្យបានស៊ីជម្រៅ លើជនបរទេសមកស្នាក់នៅ ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតខុសប្រក្រតី ការប្រើប្រាស់ទឹករស់កម្រិត សំរាមមានចំនួនច្រើន។ល។ ទាំងនេះឆ្លុះបញ្ចាំងពីភាពខុសប្រក្រតី។ក្រុមការងារត្រូវចុះស្រាវជ្រាវជាបន្ទាន់។
ឯកឧត្តមបន្ថែមថា អាជ្ញាធរមូលដ្ឋានភូមិ ឃុំ សង្កាត់ ត្រូវតាមដានជាប្រចាំចំពោះភ្ញៀវបរទេសចូលមកស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួននិងត្រូវរាយការណ៍ជាប្រចាំមកថ្នាក់ស្រុក ថ្នាក់ខេត្ត ដើម្បីរាយការណ៍ទៅថ្នាក់ជាតិចៀសវាងមានការបញ្ហាថ្នាក់ជាតិចុះមក ម្ចាស់មូលដ្ឋានអត់ដឹង ។
ឯកឧត្តមអភិបាលខេត្តបានចង្អុលបង្ហាញថា សម្រាប់ខេត្តកំពង់ឆ្នាំង ស្រុកដែលគួរចាប់អារម្មណ៍ជាងគេនោះ គឺស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ព្រោះថាស្រុកទាំងពីរ នេះមានរោងចក្រ សហគ្រាស និងភ្ញៀវបរទេស ច្រើនជាងគេ ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវរួមគ្នាអនុវត្តយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយប្រឹងប្រែងអស់ពីសមត្ថភាព លទ្ធភាព និងមានភាពស្មោះត្រង់ ដោយត្រូវទប់ស្កាត់ មិនឱ្យកើតមានទីតាំងប្រើប្រាស់ដើម្បីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងជាដាច់ខាត៕
ដោយ៖សុខ គឹមសៀន