កម្ពុជា និង កូរ៉េខាងត្បូង នៅតែបន្តបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀតលើវិស័យនានា
(ភ្នំពេញ)៖ កម្ពុជា-កូរ៉េខាងត្បូង កំពុងស្ថិតនៅក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្ត ដែលទើបបានផ្លាល់ប្តូរពីកម្រិតទំនាក់ទំនងទ្វេភាគី កាលពីក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនាយករដ្ឋ មន្ត្រី ហ៊ុន ម៉ាណែត ទៅកាន់សាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅ ។
ការបញ្ជាក់របស់ ឯកឧត្តមឧប នាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា បានធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក Park Jung Wook ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលឯកឧត្តម បានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា នាថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរ ដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្រ្ត» និងពង្រឹងកិច្ចសហប្រតិបត្តិការល្អលើវិស័យនានា ។ ឯកឧត្តម ក៏បានបញ្ជាក់ជូន ឯកអគ្គរដ្ឋទូត ពីការផ្តល់កិច្ចសហប្រតិបត្តិការពេញលេញចំពោះ ឯកអគ្គរដ្ឋទូតថ្មីរបស់សាធារណរដ្ឋកូរ៉េផងដែរ ។
ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត និងការសម្របសម្រួលដ៏ល្អ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងការបទេស ចំពោះឯកឧត្តម និងស្ថានទូត ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ពីការរីកចម្រើនឥតឈប់ឈរនៃកិច្ចសហប្រតិបត្តិការកម្ពុជា-សាធារ ណរដ្ឋកូរ៉េ លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ការពារជាតិ និងសន្តិសុខ អប់រំ ទេសចរណ៍ និងការងារ ។ ឯកឧត្តមបានកោតសរសើរចំពោះការរួមចំណែករបស់សាធារណរដ្ឋកូរ៉េ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា តាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការដែលកំពុងបន្តមកដល់បច្ចុប្បន្ន ។ ហើយក៏បានពេញចិត្តចំពោះការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលកាន់តែរឹងមាំ និងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េ ដែលបានយកចិត្តទុកដាក់ផ្តល់ការគាំទ្រដល់ពលករ និស្សិត និងសិក្ខាកាមកម្ពុជាផងដែរ ៕


អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ