រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំវេទិកាការងារស្ដីពីឱកាសការងារ ជូន​ពលករ​ដែលវិលត្រឡប់មកពី​ប្រទេសថៃ

បន្ទាយមានជ័យ៖មជ្ឈមណ្ឌលការងារ សហការជាមួយមន្ទីរការងារ រដ្ឋបាលខេត្ត​បន្ទាយ​មានជ័យ និងអជ្ញាធរស្រុក ឃុំ និងភូមិ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយ​មានជ័យ បានរៀបចំវេទិកាការងារស្ដីពីឱកាសការងារ និងឱកាស​កម្ម​សិក្សាការងារ​នៅស្រុកព្រះនេត្រព្រះ ជូន​ដល់ប្រជាពលរដ្ឋជាពលករដែលវិលត្រឡប់មកពីប្រទេសថៃ​ក្រោម​វត្តមាន​លោក យឹម សំណាង អភិបាលរង​ខេត្តតំណាងឯកឧត្តម អ៊ុ រាត្រី អភិបាល​​ខេត្តបន្ទាយមានជ័យ។

វេទិកាដែលរៀបចំឡើងនៅថ្ងៃសុក្រទី១៨ ខែកក្កដា ឆ្នាំ២០២៥ក្នុងបរិវេណ​សាលាស្រុកព្រះនេព្រះ មាន​ការ​ធ្វើ​បទបង្ហាញពីឱកាសការងារ អត្ថប្រយោជន៍ និងលក្ខខណ្ឌក្នុងការដាក់ពាក្យចូលបម្រើការងារ តាម​ក្រុមហ៊ុន​ រោងចក្រ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ ជាដើម។

លោក យឹម សំណាង អភិបាលរងខេត្ត បានបញ្ជាក់ពីមូលហេតុនៃការបង្កើតវេទិកា​ការងារ​​ពេលនេះមានគោលបំណង​ចំនួន៣សំខាន់គឺ៖១. ផ្តល់ភាពងាយស្រួលដល់បង​ប្អូនដែលទើបត្រលប់មកពីប្រទេសជិតខាងហើយចង់ស្វែង រក​ការងារឱ្យបានជួបជា​មួយ​និយោជកផ្ទាល់ និងអាចសួរពីអត្ថប្រយោជន៍និងលក្ខខណ្ឌនៃការដាក់ពាក្យ​បាន​ភ្លាមៗ។២.ផ្តល់ភាពងាយស្រួលដល់និយោជកក្នុងការផ្សព្វផ្សាយពីឱកាស​ការងារ និងបានជួបផ្ទាល់ជាមួយបងប្អូន​ដែល​បានប្រមូលផ្តុំគ្នានៅទីនេះនិង៣. ផ្តល់ឱកាស​ឱ្យអាជ្ញាធរមូលដ្ឋានបានពង្រឹងការសហការជាមួយវិស័យ​ឯកជន​ក្នុង​ការបម្រើ​សេវាសាធារណៈពាក់ព័ន្ធ នឹងវិស័យការងារជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​របស់ខ្លួន។

លោក យឹម សំណាង បានគូសរំលេចថា ខេត្តបន្ទាយមានជ័យបច្ចុប្បន្ន វិស័យឯកជន​មានការរីកចម្រើនខ្លាំង ក្នុង​នោះដូចជា រោងចក្រ សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ កាស៊ីណូ សំណង់ យានដ្ឋានជុសជុលរថយន្ត និងក្រុមហ៊ុន​ផ្សេងៗ ដែលជាឱកាស​ការងារសម្រាប់ប្រជាពលរដ្ឋដែលចង់ស្វែងរកការងារ៕

ដោយ៖ឃិន គន្ធា

ads banner