ប្រមុខដឹកនាំអង្គការ NATO៖ ការប៉ះទង្គិចគ្នាទំនងជាផ្ទុះឡើងនៅតំបន់មជ្ឈិមបូព៌ា បើសិនភាពតានតឹងនៅតែបន្តកើនឡើង
អត្ថបទដោយ៖
Kien Sereyvuth
បែលហ្ស៊ិក៖ អង្គការ NATO បានបង្ហាញការព្រួយបារម្ភជាខ្លាំង ជុំវិញការបង្កើនវត្តមានយោធារបស់សហរដ្ឋអាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានាពេលថ្មីៗនេះ និងព្រមានថា វាអាចនឹងបង្កជាជម្លោះដោយចៃដន្យ នេះបើតាមការអះអាងរបស់អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg។
បច្ចុប្បន្ននេះ កងយន្ដហោះទម្លាក់គ្រាប់បែក នាវាផ្ទុកយន្ដហោះចម្បាំង និងប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អាម៉េរិក ត្រូវបានបញ្ជូន និងដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ាហើយ ដើម្បីទប់ទល់នឹងការវាយប្រហារណាមួយពីអ៊ីរ៉ង់។
ជុំវិញបញ្ហាខាងលើនេះដែរ ថ្លែងប្រាប់អ្នកយកព័ត៌មាននៅក្នុងថ្ងៃពុធ ម្សិលមិញ ប្រមុខដឹកនាំអង្គការ NATO រូបនេះ បាននិយាយថា យើងកំពុងព្រួយបារម្ភជាខ្លាំង ព្រោះថា បើជម្លោះរវាងអាម៉េរិក និងអ៊ីរ៉ង់ផ្ទុះឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា នោះវានឹងបង្កភាពស្មុគស្មាញដល់សម្ព័ន្ធមិត្តអង្គការ NATO ទាំងមូល៕ធ.ដ