កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអាកាសចរណ៍ស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា ។

សេចក្តីព្រាងច្បាប់នេះមាន ២៥ជំពូក និង ១០៤មាត្រា ត្រូវបានរៀបចំឡើង ដើម្បីបំពេញនូវមូលដ្ឋានគតិយុត្តឱ្យបានគ្រប់គ្រាន់សម្រាប់គ្រប់គ្រង និងអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា ស្របតាមនិន្នាការវិវត្តរីកចម្រើន នៃវិស័យអាកាសចរណ៍ពិភពលោក និងដើម្បីបំពេញចំណុចខ្វះខាតផ្នែកបទដ្ឋានគតិយុត្ត ដែលបានរកឃើញដោយក្រុមសវនកររបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នៅក្នុងឆ្នាំ២០១៨ និងឆ្នាំ២០២៣ ។

សេចក្តីព្រាងច្បាប់នេះ ត្រូវបានតាក់តែងឡើងដោយផ្អែកលើមូលដ្ឋានចំនួន ៣ គឺ ទី១. មូលដ្ឋានច្បាប់ស្តីពីអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៨ ទី២. មូលដ្ឋាននៃការបំពេញចំណុចខ្វះខាតដែលអង្គការ ICAO បានរកឃើញក្នុងអំឡុងពេល នៃការធ្វើសវនកម្មសុវត្ថិភាពអាកាសចរណ៍សកលនៅកម្ពុជា កាលពីឆ្នាំ២០១៨ និងការចុះត្រួតពិនិត្យ វាយតម្លៃផែនការកែតម្រូវសុវត្ថិភាពអាកាសចរណ៍ឆ្នាំ២០២៣ របស់អង្គការ ICAO និងទី៣. មូលដ្ឋាននៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងវិស័យអាកាសចរណ៍សកល និងឧត្តមានុវត្តអន្តរជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner