កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ ក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ។
កិច្ចព្រមព្រៀង ស្តីពីការអភិរក្សនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាព នៅក្រៅដែនយុត្តាធិការជាតិ (BBNJ) ក្រោមអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) មានគោលបំណងធានាដល់ការអភិរក្ស និងការប្រើប្រាស់ប្រកបដោយចីរភាព នូវជីវៈចម្រុះសមុទ្រនៅក្រៅដែនយុត្តាធិការជាតិសម្រាប់ពេលបច្ចុប្បន្ន និងអនាគត ។ កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង BBNJ នៅក្នុងសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រលើកទី៣ នៅទីក្រុងនីស ប្រទេសបារាំង នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ ហើយកម្ពុជានឹងបន្តនីតិវិធីផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ ឱ្យបានមុនសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិលើកទី៨០ នៅខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក ។
ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះ កម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ៖ ទី១. ការលើកកម្ពស់កិត្តិយសជាតិលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការស្មើមុខស្មើមាត់ក្នុងការចូលរួមគ្រប់គ្រង អភិរក្សធនធានសមុទ្រនិងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ សម្រាប់បច្ចុប្បន្ននិងអនាគត ទី២. ការបែងចែកផលប្រយោជន៍ពីធនធានពន្ធុសមុទ្រ និងព័ត៌មានឌីជីថលតំណលំដាប់ពិន្ទុ ដែលបានរកឃើញ និងមាននៅក្នុងតំបន់ក្រៅដែនយុត្តាធិការជាតិ សម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រនិងអត្ថប្រយោជន៍សេដ្ឋកិច្ច ទី៣. ការការពារនិងការអភិរក្សបរិស្ថានសមុទ្រក្នុងក្របខ័ណ្ឌនៃអនុសញ្ញាសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ទី៤. កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលក្នុងការគ្រប់គ្រងតំបន់ ក្រៅដែនយុត្តាធិការជាតិ រួមទាំងតំបន់ការពារធម្មជាតិសមុទ្រ ដោយមានភាគីពាក់ព័ន្ធនានា ចូលរួម រួមទាំងក្រុមអន្តរវិស័យថ្នាក់ជាតិ ថ្នាក់តំបន់ និងសកល ទី៥. ការកសាងនិងពង្រឹងសមត្ថភាព ដើម្បីរៀបចំ អនុវត្ត និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ស្របតាមមាត្រា៨១២ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ស្តីពីការវាយតម្លៃហេតុប៉ះពាល់បរិស្ថានឆ្លងដែន និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្ត្រ ទី៦. កិច្ចសហប្រតិបត្តិការជំនួយបច្ចេកទេស និងការផ្ទេរបច្ចេកវិទ្យាក្នុងការការពារ និងអភិរក្សបរិស្ថានសមុទ្រ និងទី៧. ធនធានថវិកាពីមូលនិធិពិសេស ដែលមានប្រភពមកពីប្រទេសអភិវឌ្ឍន៍ ដើម្បីជួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ និងរដ្ឋដែនកោះតូចៗ សម្រាប់ការគ្រប់គ្រងនិងអភិរក្សធនធានសមុទ្រ។ កិច្ចព្រមព្រៀងនេះ មាន ១២ផ្នែក ៧៦មាត្រា និង ២ឧបសម្ព័ន្ធ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ










