កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ដោយបានពិភាក្សា ឆ្លង និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០២៥-២០៣០ ។

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ប្រសិទ្ធភាព កិច្ចការពារកុមារ តាមរយៈការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារគ្រប់រូបភាពឱ្យទាន់ពេលវេលា និងមានប្រសិទ្ធផល ព្រមទាំងបង្កើនការអន្តរាគមន៍លើកុមារ ដែលមានលក្ខណៈប្រទាក់ក្រឡាគ្រប់ជ្រុងជ្រោយ និងមានសង្គតិភាព ធានាបានថា កុមារកម្ពុជារស់នៅប្រកបដោយភាពកក់ក្តៅ និងស្នាមញញឹម ព្រមទាំងសម្រេចឱ្យបានការបញ្ចប់អំពើហិង្សាលើកុមារ ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព រួមចំណែកក្នុងការអនុវត្តផែនការសកម្មភាពរបស់អាស៊ាន ស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ ។

ផែនការសកម្មភាពជាតិនេះ គឺ តម្រូវឱ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល កុមាររងគ្រោះនិងងាយរងគ្រោះ និងសាធារណជនទូទៅ ចូលរួមអនុវត្តប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថ និងធានាបាន នូវការគោរពសិទ្ធិជាមូលដ្ឋាន និងឧត្តមប្រយោជន៍របស់កុមារ។

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ ត្រូវបានរៀបចំដោយផ្អែកលើកត្តាជោគជ័យ បទពិសោធ និងមេរៀនដែលបានមកពីការអនុវត្ត និងការវាយតម្លៃការអនុវត្តផែនការសកម្មភាពជាតិ ដើម្បីទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ឆ្នាំ២០១៧-២០២១ និងរបាយការណ៍ស្តីពីការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃវិស័យអាទិភាព ក្រោមផែនការសកម្មភាពតំបន់អាស៊ានស្តីពីការលុបបំបាត់អំពើហិង្សាលើកុមារ ឆ្នាំ២០១៦-២០២៥។

សេចក្តីព្រាងផែនការសកម្មភាពជាតិនេះ មានសារៈសំខាន់ក្នុងការបន្តអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែល្អប្រសើរថែមទៀត ក្នុងគោលដៅការពារសិទ្ធិ និងប្រយោជន៍របស់កុមារ ជាពិសេសការពារសិទ្ធិកុមារដែលរង នូវអំពើហិង្សាគ្រប់ទម្រង់។ កម្ពុជា ជាប្រទេសមួយក្នុងចំណោមសមាជិកអាស៊ាន ដែលត្រូវបានទទួលស្គាល់ជាប្រទេសដំបូងបង្អស់ដែលមានផែនការសកម្មភាពជាតិនេះ ហើយក៏ត្រូវបានទទួលស្គាល់នៅលើពិភពលោកថា ជាប្រទេសដែលមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner