សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ទីតាំងឧក្រិដ្ឋកម្ម ដែលប្រែមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព មានសារៈសំខាន់សម្រាប់ការសិក្សាររៀនសូត្ររបស់យុវជនជំនាន់ក្រោយ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា សម្រាប់យុវជនជំនាន់ក្រោយ ឧក្រិដ្ឋកម្ម ដែលប្រែមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ វីដេអូ៖ ទីតាំងបូជនីយដ្ឋានចងចាំនៃកម្ពុជា សម្រាប់ការសិក្សាររៀនសូត្ររបស់យុវជនជំនាន់ក្រោយ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ ដែលពិធី អបអរសាទរនេះបានរៀបចំឡើងយ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ គណៈកម្មការអន្តរក្រសួង, ក្រុមការងារបច្ចេកទេស, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, ជាពិសេសសាលារាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ព្រមទាំងភាគីអន្តរជាតិ ជាអាទិ៍ ការិយាល័យអង្គការយូណេស្កូភ្នំពេញ, គណៈកម្មាធិការបេតិកភណ្ឌពិភពលោក (WHC), ស្ថាប័នជំនាញ អន្តរជាតិ ICOMOS និង ICCROM, អង្គការ KOICA អង្គការ GIZ-CPS, អ្នកជំនាញឯកទេស ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានគាំទ្រចំពោះដំណើរការរៀបចំឯកសារចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា : ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព រហូតទទួលបានជោគជ័យគួរជាទីមោទនៈ ។
សម្តេចធិបតី បានគូសបញ្ជាក់ថា សម្រាប់យុវជនជំនាន់ក្រោយទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ, សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារនាថ្ងៃអនាគតរបស់កម្ពុជាមួយ ប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និងបូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិយើង ដែលជាមូលដ្ឋានភាពរឹងមាំបំផុត សម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង ។
សម្តេចក៏សូមអរគុណដល់ក្រុមការងារដែលបានចូលរួមរៀបចំ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ នូវព្រឹត្តិការណ៍នាពេលនេះ, ជាពិសេស សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលជានិច្ចកាលបានដើរតួជាកម្លាំងស្នូលនៅគ្រប់ព្រឹត្តិការណ៍ និងជាមេដែកឆក់ទាញនូវឆន្ទៈដ៏មោះមុតនូវស្មារតីស្នេហាជាតិ ប្រកបដោយការលះបង់ដ៏ខ្ពស់របស់យុវជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈ កងកម្លាំងប្រដាប់អាវុធគ្រប់ៗរូប ដែលត្រៀមគ្រប់ៗពេល ដើម្បីរក្សាការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សិល្បករ សិល្បការិនី, បណ្ដាញសារព័ត៌មាន និងជនរួមជាតិទាំងអស់ ដែលមានវត្តមាននៅទីនេះក្តី និងនៅតាមគេហដ្ឋានក្តី ក្នុងនាម «ខ្មែរតែមួយ» ។
សម្តេចបវរធិបតី ក៏សូមអរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះបងប្អូនជនរួមជាតិ, ទាំងព្រះសង្ឃ ទាំងគ្រហស្ថ, សិស្ស និស្សិត ក៏ដូចជាបណ្តាបក្សនយោបាយ, សង្គមស៊ីវិល ដែលបានចូលរួមអបអរសាទរយ៉ាងសកម្ម នៅទូទាំងប្រទេស តាមគ្រឹះស្ថានសិក្សា, ស្ថាប័នរដ្ឋ និងឯកជន ដោយបានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត វាយរគាំង ដើម្បីជាការបំផុសបន្ថែមនូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នាការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ






