សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ខែកក្កដា សម្បត្តិបេតិកភណ្ឌចំនួន៣ ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ខែកក្កដា បានក្លាយជាវេលាមួយដែលមានអត្ថន័យយ៉ាងធំធេងសម្រាប់ជាតិកម្ពុជា ខណៈសម្បត្តិបេតិកភណ្ឌចំនួន៣ ត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោក ។

នេះជាការលើកឡើងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «បូជនីយដ្ឋានចងចាំ នៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលពិធី អបអរសាទរនេះបានរៀបចំឡើងយ៉ាងមហោឡារិក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចាក់ថា សម្បត្តិបេតិកភណ្ឌជាតិទាំង៣របស់កម្ពុជា ដែលត្រូវបានទទួលស្គាល់ និងចុះបញ្ជីបេតិកភណ្ឌពិភពលោកនោះ រួមមាន៖ ទី១៖ ប្រាសាទព្រះវិហារ ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ។ ទី២៖ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ ។ ទី៣៖ បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ត្រូវបានទទួលស្គាល់ និងចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានលើកឡើងថា នយោបាយឈ្នះឈ្នះ និងការលះបង់ដ៏ខ្ពស់បំផុតរបស់សម្ដេចតេជោ ហ៊ុន សែន បានបិទបញ្ចប់ជាស្ថាពរនូវរបបប្រល័យពូជសាសន៍ និងសង្គ្រាមនានាដែលរមែងកើតមាន និងញាំញីជាហូរហែក្នុងប្រវត្តិសាស្ត្រជាតិយើង នាអំឡុងជាង៥០០ ឆ្នាំចុងក្រោយកន្លងមកនេះ។ រាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មក្នុងការស្វែងរកយុត្តិធម៌ និងការទទួលស្គាល់ឧក្រិដ្ឋកម្មរបស់ខ្មែរក្រហមពីសហគមន៍អន្តរជាតិ តាមរយៈជោគជ័យនៃការបង្កើតសាលាក្ដីខ្មែរក្រហម ដែលបានដំណើរការរយៈពេល១៦ឆ្នាំ (២០០៦ ដល់ ២០២២) ដើម្បីកាត់ទោសមេដឹកនាំខ្មែរក្រហម និងនាំយកយុត្តិធម៌ជូនជនរងគ្រោះ ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ពី «វាលពិឃាដ» មកជាទឹកដីនៃសន្តិភាពការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារ:សំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner