ចិននាំចេញសព្វាវុធមានទឹកប្រាក់១៤,៤ពាន់លានដុល្លារ ទៅកាន់បណ្តាប្រទេស នៅជុំវិញពិភពលោកនៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧
ចិន៖ នៅចន្លោះឆ្នាំ២០០៨ និងឆ្នាំ២០១៧ ប្រទេសចិនបាននាំចេញសព្វាវុធមានទំហំទឹកប្រាក់ ១៤,៤ពាន់លានដុល្លារទៅកាន់បណ្តាប្រទេសនៅជុំវិញពិភពលោក។ សម្រាប់តួលេខនេះ ចិនជាប់ចំណាត់ថ្នាក់លេខ៥ ជាប្រទេសផ្គត់ផ្គង់អាវុធធំបំផុតលើពិភពលោក តាមពីក្រោយសហរដ្ឋអាម៉េរិកដែលឈរលេខមួយ រុស្ស៊ី បារាំង និងអាល្លឺម៉ង់។
បើតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) ការលក់អាវុធរបស់ចិន បានហក់ឡើងពី៦៥០លានដុល្លារក្នុងឆ្នាំ២០០៨ ទៅកាន់១,១៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៧។ ក្នុងនោះ ប្រមាណ៧៤ភាគរយនៃការនាំចេញអាវុធនេះ បានលក់ទៅឲ្យបណ្តាប្រទេសក្នុងតំបន់អាស៊ី ចំណែក២១ភាគរយទៀតបានលក់ទៅឲ្យតំបន់អាហ៊្វ្រិក។
ទោះបីជាចិនចាត់ទុកខ្លួនឯង ជាប្រទេសនាំចេញអាវុធដ៏ធំមួយលើពិភពលោកក៏ដោយក្តី តែបើមើលទៅលើតួលេខនៃការលក់អាវុធរបស់ប្រទេសនេះវិញ គឺវាមានកម្រិតទាបនៅឡើយ បើធៀបនឹងសហរដ្ឋអាម៉េរិក។ ការលក់អាវុធរបស់ទីក្រុងវ៉ាស៊ីនតោនជាមធ្យមប្រចាំឆ្នាំ ស្មើនឹង៩ពាន់លានដុល្លារក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ៕ធ.ដ