កម្ពុជា-ហ្វីលីពីន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
ភ្នំពេញ៖មន្រ្តីយោធាជាន់ខ្ពស់នៃប្រទេសហ្វីលីពីនបានបញ្ជាក់ពីការបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស និងបន្តចែករំលែកបទពិសោធន៍ និងការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា ។លើសពីនេះឯកឧត្តមប្រធានាធិបតីហ្វីលីពីនក៏មានគម្រោងអញ្ជើញមកទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជានាពេលខាងមុខនេះផងដែរ។
កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។
ក្នុងឱកាសនេះឯកឧត្តមឧត្តមសេនីយ៍ឯកមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន បានជម្រាបសម្ដេចធិបតីនាយករដ្ឋមន្រ្តី ដោយសម្ដែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ហ្វីលីពីន-កម្ពុជា ជាពិសេស កិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលត្រូវបានកសាងឡើងលើមូលដ្ឋាននៃមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ហ្វីលីពីនបន្តផ្ដល់អាទិភាពខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើការបណ្ដុះបណ្ដាលធនធានមនុស្ស ។ការបន្តចែករំលែកបទពិសោធន៍ ។ការបណ្ដុះបណ្ដាលជំនាញដល់កងទ័ពជើងគោកកម្ពុជា និងបន្តរៀនសូត្រពីបទពិសោធន៍ពីកម្ពុជាវិញផងដែរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានសម្ដែងនូវក្ដីសោមនស្ស ដែលជួបជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជាថ្មីម្ដងទៀត និងបានផ្ដាំផ្ញើការរសួរសុខទុក្ខជូនចំពោះ ឯកឧត្តមប្រធានាធិបតី ហ្វេឌីណាន់ ម៉ាកូស ចេ អ(Ferdinand R. Marcos Jr.) និងរង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តមប្រធានាធិបតី មកកាន់កម្ពុជា នាពេលខាងមុខ។
សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។ ជាក់ស្ដែងការបិទបញ្ចប់វគ្គហ្វឹកហ្វឺនថ្មីៗនេះ គឺជាសក្ខីភាពមួយនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនៃកងទ័ពជើងគោកប្រទេសទាំងពីរ។សម្តេចសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការ ដ៏ល្អនេះ កងទ័ពនៃប្រទេសទាំងពីរ អាចពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងទឹក និងកងទ័ពអាកាសនៃប្រទេសទាំងពីរផងដែរ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ , សម្ដេចបវរធិបតីក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសការលើកកម្ពស់សមត្ថភាពកងទ័ព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មអ៊ីនធឺណិត ដែលកំពុងបន្តគំរាមកំហែងដល់សេដ្ឋកិច្ច និងសន្តិសុខ ក្នុងតំបន់និងសកលលោក។
សម្ដេចធិបតីនាយករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យកងទ័ពជើងគោកនៃប្រទេសទាំងពីរ បន្តសហការគ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
ដោយ៖វណ្ណលុក




