ឃាត់ខ្លួនជនបរទេសប្រាំបួននាក់នៅខេត្តស្ទឹងត្រែង សង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ
ស្ទឹងត្រែង៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងបានឃាត់ខ្លួនបុរសជនជាតិចិនប្រាំបួននាក់ ក្រោមបទសង្ស័យ ជាក្រុមដែលជាប់ពាក់ព័ន្ធ នឹងសកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ នៅគោលដៅប្រចាំការត្រួតពិនិត្យ ត្រង់ចំណុចគល់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គស្ទឹងត្រែង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលប្រចាំការត្រួតពិនិត្យគោលដៅនោះ បានឃាត់រថយន្តមួយគ្រឿង និងបុរសជនជាតិចិនប្រាំបួននាក់ និងបានដកហូតទូរស័ព្ទដៃ ១០គ្រឿង រួមទាំងសម្ភារៈមួយចំនួនទៀត ដើម្បីរក្សាទុកជាវត្ថុតាង។
ប្រភពព័ត៌មានដដែលបន្តថា កម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យថា ក្រុមជនជាតិចិននោះ មានការពាក់ព័ន្ធនឹងការលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ដោយពួកគេមានគោលបំណង ធ្វើដំណើរពីចំណុចទឹកធ្លាក់ព្រះនិម្មិត ស្ថិតក្នុងភូមិកំពង់សាមី ឃុំកំពុងស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីបន្តឆ្ពោះទៅកាន់ខេត្តព្រះសីហនុ។
ជនសង្ស័យនិងវត្ថុតាងទត្រូវបានប្រគល់ឱ្យនគរបាលផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ជាធរមាន៕
ដោយ៖ឡុង សំបូរ





