ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ស្វាគមន៍ទស្សនកិច្ច សិក្សា របស់សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យស៊ីដនី (University of Sydney) ដើម្បីប្តេជ្ញាប្ដូរចំណេះដឹង និងបទពិសោធពាក់ព័ន្ធនឹងដំណេីរការបរិវត្តកម្មឌីជីថលនៅកម្ពុជា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ម៉ុក រ៉ាឌី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់និស្សិតមកពីសាកលវិទ្យាល័យស៊ីដនី (University of Sydney) ប្រទេសអូស្ត្រាលី ដឹកនាំដោយ បណ្ឌិត Rachel Killean សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យស៊ីដនី ដោយ មាន ការ ចូលរួម ពីសាស្រ្តាចារ្យ និងនិស្សិត ដើម្បីឈ្វេងយល់អំពីការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំ បទប្បញ្ញត្តិ និងការធ្វើទំនើបកម្មស្ថាប័ន។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយក និងក្រុមការងារបច្ចេកទេស ក៏បានធ្វើបទបង្ហាញជូនសាស្ត្រាចារ្យនិងនិស្សិត អំពីទិដ្ឋភាពទូទៅនៃការអភិវឌ្ឍរបស់វិស័យឌីជីថល ការបង្ហាញពីសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ប្រទេសកម្ពុជា ការរៀបចំសេចក្ដីព្រាងយុទ្ធសាស្ត្រជាតិស្ដីពីបញ្ញាសិប្បនិម្មិត សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល និងសេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ។ លើសពីនេះ សាស្ត្រាចារ្យ និងនិស្សិត បានទៅទស្សនកិច្ចមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខ (SOC) សេវាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការប្រព័ន្ធឌីជីថល ផងដែរ៕
ដោយ ៖ ង៉ាន់ ទិត្យ








