សម្តេចធិបតី ហ៊ុន ម៉ាណែត៖​ កម្ពុជា ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា​ កម្ពុជា ពី “វាលពិឃាដ” មកជាទឹកដីនៃសន្តិភាព ហើយការចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលនេះ មានតម្លៃយ៉ាងជ្រាលជ្រៅក្នុងជម្រៅចិត្តរបស់ប្រជាជនខ្មែរគ្រប់ៗរូប និងមានសារៈសំខាន់បំផុតក្នុងសា្មរតីចងចាំជាសកល មិនចំពោះតែប្រជាពលរដ្ឋកម្ពុជានោះឡើយ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ការបញ្ជាក់នេះ​ ក្នុងពិធីអបអរសាទរព្រឹត្តិការណ៍ ចុះ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និង សន្តិភាព” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។

សម្តេចធិបតីបានបន្តថា​ សម្រាប់យុវជនជំនាន់ក្រោយ ទីតាំងនេះ មិនមែនជាអតីតកាលសម្រាប់តែអ្នកជំនាន់មុន ដែលឆ្លងកាត់របបខ្មៅងងឹតនោះឡើយ, ទីតាំងនេះ ក៏ជាកម្មសិទ្ធិរបស់យុវជនជំនាន់ក្រោយផងដែរ, សូមសិក្សារៀនសូត្រពីទីនេះ សូមក្លាយខ្លួនជាអ្នកថែរក្សាការពារ នាថ្ងៃអនាគតរបស់កម្ពុជាមួយប្រកបដោយកម្លាំងរួបរួម ជាមួយថាមពលដ៏ខ្លាំងក្លា និងឆន្ទៈដ៏មុតស្រួច ដើម្បីសេរីភាព, អធិបតេយ្យ និង បូរណភាពទឹកដី ដ៏ពេញលេញនៃមាតុភូមិយើង ដែលជាមូលដ្ឋានភាពរឹងមាំបំផុតសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍរបស់ប្រជាជាតិ និងប្រជាជនយើង។

សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ថ្ងៃនេះ គឺជាការគោរពរំឭកដល់ជនរងគ្រោះទាំងឡាយ នៃអតីតកាលដ៏ឈឺផ្សារបស់កម្ពុជា, ប៉ុន្តែ ក៏ជាភស្តុតាងនៃការប្តូរផ្តាច់ការពារដ៏មុតមាំបំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះអនាគតយុវជនជំនាន់ក្រោយ, ទាំងពេលបច្ចុប្បន្ន និង ទៅអនាគត ដើម្បីធានាជាអមតៈ នូវស្មារតីចងចាំ, ការរៀនសូត្រពីមេរៀនប្រវត្តិសាស្ត្រ និង ការថែរក្សាសន្តិភាព ដែលជារតនវត្ថុមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិ និង ប្រជាជនយើង ។ “បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព” ដែលធ្លាប់ជាស្លាកស្នាមនៃក្តីឈឺចាប់ ភ័យខ្លាចរបស់ប្រជាជាតិកម្ពុជា បានប្រែក្លាយនាពេលនេះ ទៅជាលម្ហនៃភាពប្រសព្វមុខមួយនៃការសន្ទនា, ការយោគយល់, អត់ឱន, ផ្សះផ្សា និង សន្តិភាព។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា គឺជាភស្តុតាងដ៏រស់រវើកមួយ ដែលមានតម្លៃជាសកល និង ជាគំរូ សម្រាប់មនុស្សជាតិ និងពិភពលោក ដោយក្នុងនោះ សន្តិភាព គឺជាមូលដ្ឋាន និង ជាកត្តាចម្បង។ កម្ពុជាសង្ឃឹមជឿជាក់ថា «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នឹងក្លាយជាផ្នែកមួយ នៃការចងចាំជាសកល ហើយក៏ជាទីតាំង ដែលមជ្ឈដ្ឋាន អន្តរជាតិទូទាំងសកលលោក បានយល់កាន់តែច្បាស់ពីទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក្នុងពេលអតីតកាល ព្រមទាំងភាពរឹងមាំរបស់ប្រជាជនកម្ពុជា ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍ ក្រោមពាក្យស្លោក “អរគុណសន្តិភាព” ។

ជាទីបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចុះបញ្ជីបេតិកភណ្ឌពិភពលោកនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នាពេលនេះ គឺជាជ័យជម្នះនៃការចងចាំនៅលើការបំភ្លេច, ជាជ័យជម្នះនៃសន្តិភាពទៅលើភាពឃោរឃៅ និង ជាជ័យជម្នះនៃការផ្សះផ្សាទៅលើការបំផ្លិចបំផ្លាញនៃសង្គ្រាម និងឧក្រិដ្ឋកម្មនានា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា ត្រូវយកចិត្តទុកដាក់ ថែរក្សាទីតាំង «បូជនីយដ្ឋានចងចាំនៃកម្ពុជា» នេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner