សមាគមគ្រូពេទ្យ TYDA រៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំដោយផ្ដោតលើការអនុវត្តទន្តសាស្រ្តឈានមុខ

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានរៀបចំសន្និសីទទន្តសាស្រ្តប្រចាំឆ្នាំរបស់ខ្លួន លើកទី១ ឆ្នាំ២០២៥ ដែលមានរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែកក្កដា ក្រោមប្រធានបទ «ការអនុវត្តទន្តសាស្ត្រឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (TYDA) សន្និសីទនេះរៀបចំធ្វើឡើងនា សណ្ឋាគារ សុខា ភ្នំពេញ ដោយមានក្រុមគ្រូពេទ្យជំនាញផ្នែកទណ្ឌសាស្ត្រចូលរួមផ្ទាល់ជិត ៥០០នាក់ និងតាមអនឡាញជិត ៤០០នាក់ ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានលើកឡើងថា សន្និសីទនេះ ពិតជាមានសារៈសំខាន់ ព្រោះបានលើកឡើងនូវសកម្មភាពការងាររបស់សមាគម ដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជារួមចំណែកលើកកម្ពស់វិស័យសុខាភិបាល នៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។

លោកជំទាវបណ្ឌិត បន្តថា គិតត្រឹមឆ្នាំ២០២៥នេះ TYDA មានអាយុ ១៣ឆ្នាំហើយ ដែលកន្លងមកនេះបានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះបានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិ ក្នុងការពង្រីក និងបង្ខិតសេវាព្យាបាល ឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ ។

TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ ក្នុងសមរភូមិកូវីដ១៩ ដែលបានរាត្បាតយ៉ាងខ្លាំងនាពេលកន្លងមក។ ហើយ TYDA ក៏បានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងច្រើន ក្នុងវិស័យសុខាភិបាល ។

លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ បានដឹងថា រយៈពេលជិត ១៣ ឆ្នាំមកនេះ សមាគមបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃជូន ប្រជាពលក្រីក្រទូទាំងប្រទេសបានចំនួន ៦៥៩លើក និងព្យាបាលអ្នកជំងឺបានចំនួន ៦២, ២២១៦ ករណី ក្នុងនោះមានអ្នកជំងឺធ្ងន់ធ្ងរចំនួន ១៣៨២៥នាក់ ត្រូវបានបញ្ជូនមកព្យាបាលបន្តនៅក្នុងរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានា ។

នៅក្នុងនោះផងដែរ មានអ្នកជំងឺបេះដូងធ្ងន់ធ្ងរចំនួន ៨៣នាក់ បានវះកាត់ដោយជោគជ័យ ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតផ្ទាល់ ។

ដោយឡែកនៅក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-19 សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 តាមរយ:បេសកកម្ម ចុះចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 បានចំនួន ៣៧,៩០២៩នាក់ បេសកកម្មឆ្លើយតបបន្ទាន់ នឹងយកសំណាក់ ដែលហៅកាត់ថា RRT បានចំនួន ៧៤,៩០១៨ ករណី និងបេសកកម្មព្យាបាលជំងឺកូវីដ-19 lPD ដោយព្យាបាលអ្នកជំងឺ covid-19 បានចំនួន ២៥៨៤២នាក់ ។

លោកសាស្ត្រាចារ្យជំនួយអោយដឹងទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្ដេចតេជោ ដែលហៅកាត់ថា «TYDA» បានបង្កើតឡើងនាថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១២ ក្រោមគំនិតផ្ដួចផ្ដើមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងគោលបំណងជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍ ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ក៏មានការដាក់តាំងបង្ហាញ ពិព័រណ៍ឱសថ និងសម្ភារៈបរិក្ខារទន្តសាស្ត្រ ចំនួន ៣៤ ស្តង់ផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner