សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់គោលជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយដោយសន្តិវិធី

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះ​រាជា​ណាចក្រកម្ពុជាបានបញ្ជាក់គោល​ជំហរជាថ្មីម្តង​ទៀតថា កម្ពុជាប្រកាន់ខ្ជាប់​នូវដំណោះស្រាយដោយសន្តិវិធី ។ នេះបើតាមបណ្ដាញទំនាក់ទំនង​សង្គមហ្វេសប៊ុក​ផ្លូវការរបស់សម្ដេចនារាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។

តាមរយៈសំណេរមានខ្លឹមសារដូច្នេះថា “សូមថ្លែងអំណរគុណដល់​បងប្អូនមហាគ្រួសារខ្មែរ ដែលបានជួបជុំគ្នាជាលើកទីពីរ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ហើយនេះគឺជាសារលើកទឹកចិត្ត​ដ៏ធំធេង​ទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុង​គោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណ​ភាព​ទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ”។

ក្នុងនាមរាជរដ្ឋាភិបាល សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់គោល​ជំហរជាថ្មីម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់នូវ​ដំណោះ​ស្រាយដោយសន្តិវិធី តាមរយៈ​ ៖១.​ យន្តការបច្ចេកទេសទ្វេភាគី​ដោយគណៈកម្មការព្រំដែន​ចំរុះ​កម្ពុជា-ថៃ (JBC) និង​ ២) យន្តការច្បាប់អន្តរជាតិ​ រួមទាំងតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) លើសពីនេះ កម្ពុជា ក៏បានត្រៀមលក្ខណៈរួចជា​ស្រេចក្នុងការឆ្លើយតបដោយកងកម្លាំងប្រដាប់អាវុធ ក្នុងការករណីដែល​មាន​​ការរំលោភបំពានដោយគឃ្លើន​លើដែនអធិប​តេយ្យ​ភាពកម្ពុជា ដោយការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ។

ជាចុងក្រោយសម្ដេចធិបតី ហ៊ុន ម៉ាណែត សូមជូនពរដល់កងកម្លាំង​ប្រដាប់អាវុធជួរមុខកម្ពុជា ទាំងខ្សែត្រៀម និងខ្សែ​គាំទ្រ ដែលបានគោរព និងរក្សាយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជារបស់អគ្គបញ្ជាការ និងមេបញ្ជាការ​គ្រប់ជាន់ថ្នាក់ ហើយ​បងប្អូន​កងកម្លាំងប្រដាប់អាវុធ ក៏ត្រូវចងចាំជាក់ថា រាជរដ្ឋាភិបាល និងមហាគ្រួសារខ្មែរ គឺនៅជាមួយបងប្អូនជួរមុខ និងបន្តគាំទ្រ​តាមគ្រប់មធ្យោបាយទាំងអស់ ជូនដល់បងប្អូនជួរមុខគ្រប់​កាលៈទេសៈទាំងអស់ ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner