អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មានដាក់ចម្ងល់ទៅថៃរឿងចោទខ្មែរលបទៅដាក់មីន?

ភ្នំពេញ៖លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្រ្តីក្រសួង​ព័ត៌មាន​លើកជាចម្ងល់បែបចំអកទៅកាន់ថៃ ។ចំណែកឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឈមណ្ឌល​សកម្មភាពកំចាត់មីនកម្ពុជា(CMAC) បន្ថែមថា ទិដ្ឋភាពច្បាប់នៃ​អនុសញ្ញាមីន​អន្តរជាតិនេះ​ត្រង់មាត្រាទី៥​ មានចែងច្បាស់ថា​ បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ​។

សំណេររបស់ឯកឧត្តម ខៀវ កាញារីទ្ធ មានខ្លឹមសារថា “ឆ្ងល់មែនទែន មិនមែនឆ្ងល់នយោបាយទេ ។ គ្រាន់តែពេលយប់​ងងឹត ទ័ពខ្មែរយើង​ចេញពីលេណដ្ឋានមិនប្រយ័ត្នក៏ត្រូវពួក sniper ថៃបាញ់សម្លាប់ ថែមពីនេះ ថៃទើបបង្អួតពី​ដ្រូនគ្រប់​បែប(ដ្រូនត្រួតពិនិត្យ ដ្រូនស៊ើបការណ៍ ដ្រូនប្រយុទ្ធ និងកម្ទេចមុខសញ្ញាសំខាន់ៗ )និងកងកម្លាំងខ្នាប់ដី ហេតុអីក៏​ចោទ​ខ្មែរលបទៅដាក់មីនបាន ? ដាក់មីនច្រើនគ្រាប់មានន័យថាត្រូវប្រើ​កម្លាំងលើសពី ២ នាក់ ម៉េចក៏មិនដឹង ? ម្យ៉ាងទៀត អ្នកណាក៏ដឹងដែរថា កន្លងមកកងបះបោរនៅភូមាមានអាវុធដែលទិញពីឈ្មួញថៃ ហេតុអីក៏ថៃ​ថាគ្មានមីនរុស្ស៊ី ?”។

ដោយឡែកនៅថ្ងៃសៅរ៍នេះ ឯកឧត្តម ហេង រតនា ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​នៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់មីនកម្ពុជា(CMAC)បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់លោកថា “ក្រោយមានទាហានសៀមជាន់គ្រាប់មីនដោយ​មានម្នាក់ដាច់ជើងម្ខាងនិងរបួសស្រាលចំនួន២នាក់(តាមរយៈសារព័ត៌មាន)​ចុះផ្សាយលាបពណ៌មួលបង្កាច់កម្ពុជា​ រឿងគ្រាប់មីនចាស់​ និងគ្រាប់មីន​ដាក់ថ្មី! រដ្ឋមន្ត្រីការពារជាតិសៀមស្តីទី​ ស្នើសុំឱ្យ​កម្ពុជា​ ដោះគ្រាប់មីន​ចាស់ៗចេញ​, មេទ័ពជួរមុខសៀមថាគ្រាប់មីនសល់ពីសង្គ្រាម​, ក្រុម​អង្គការដោះមីននិងក្រសួងការ​បរទេសសៀមថាគ្រាប់មីនដាក់ថ្មី​ និងប្រុងប្រៀបប្តឹងកម្ពុជាទៅយូអិន(UN)​ជាដើម…​។​ ពិតជាច្របូកច្របល់​មែន!!”។

ឯកឧត្តមបានបន្តថា មានអ្នកតាមសួរមតិយោបល់ខ្ញុំលើបញ្ហានេះ​ ខ្ញុំថាសូមពិនិត្យមើលទិដ្ឋភាព​ច្បាប់នៃអនុសញ្ញាមីន​អន្តរជាតិ​នេះ​ ត្រង់មាត្រាទី៥​ មានចែងច្បាស់ថា​ បូរណភាពទឹកដីអ្នកណាអ្នកនោះ​ទទួលខុសត្រូវ​។ ជាក់ស្តែងឃើញ​មាន​រូបភាពតាមប្រព័ន្ធសង្គម​ជាច្រើននៅស្រុកសៀម​ បានធ្វើការផ្សព្វផ្សាយរូបភាពសកម្មភាពទាហាន​សៀមសម្រុក​ដាក់​គ្រាប់​មីនថ្មីៗតាមព្រំដែនខ្មែរ-សៀម​ តើរដ្ឋបាលសៀម​និងអង្គការដោះមីននៅសៀមមានចាត់វិធានការស៊ើបអង្កេតឬនៅ​ និង​បានប្តឹងទៅថ្នាក់ដឹកនាំប្រទេសសៀមឱ្យចាត់វិធានការទប់ស្កាត់ឬនៅ? រឿងនេះករណីចង់ប្តឹងកម្ពុជាទៅយូអិន(UN)​ពិតជាល្អ​ហើយ​ ដូចនេះគួរតែបបួលគ្នាដោយកាន់ដៃកម្ពុជាទៅប្តឹងនៅ តុលាការយុត្តិធម៌​អន្តរជាតិ(ICJ )តែម្តង​ ព្រោះ​ថាICJ ជាតុលាការរបស់យូអិននេះស្រាប់៕
ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner