ព្រឹត្តិការណ៍ «តោះ! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» បានបង្ហាញពីទឹកចិត្តស្នេហាជាតិដ៏មុះមុតនៃពលរដ្ឋខ្មែរ
(ភ្នំពេញ)៖ «តោះ! យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» ក្រោមប្រធានបទ«យើងខ្មែរ មោទនភាពជាតិខ្មែរ» ជាកម្មវិធីមួយដែលប្រព្រឹត្តទៅដោយមានពលរដ្ឋខ្មែរយ៉ាងច្រើនគគ្រឹកគគ្រេង បាននាំគ្នាមកចូលរួមច្រៀងចម្រៀងជាតិរួមគ្នា នៅល្ងាចថ្ងៃទី១៩ កក្កដា ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាកណ្តាលរាជធានីភ្នំពេញ ។ ការប្រារព្វពិធីនេះ បានអមជាមួយនឹងការប្រគួតបាល់ទាត់ផងដែរ ដើម្បីកៀរគរមូលនិធិគាំទ្រដល់វីរកងទ័ពជួរមុនកម្ពុជា ។
ចម្រៀងជាតិសំខាន់ៗ ដូចជាបទនគរាជ, បទ ពង្សាវតាខ្មែរ, បទ គន់ទៅមេឃ ដែលជាចម្រៀងច្រៀងថ្លែងពីឆន្ទៈ និងទឹកចិត្តកងទ័ព និងបទសុវណ្ណភូមិដីខ្មែរ នោះជាដើម ត្រូវអ្នករៀបចំកម្មវិធីតម្រូវឲ្យអ្នកចូលរួមទាំងអស់ បានច្រៀងរួមគ្នាជាសំលេងតែមួយ ដែលនាំឲ្យអ្នកចូលរួមបានទទួលនូវអារម្មណ៍រំជួលចិត្ត ក្នុងស្មារតីស្នេហាជាតិ និងមានមោទនភាពដែលកើតមកជាពូជសាសន៍ខ្មែរ នៅលើទឹកដីខ្មែរ ស្ថិតក្រោមដំបូលដ៏សុខសាន្ត នៃការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី បន្តមកសម្តេចធិបតី នាយករដ្ឋមន្រ្តីបច្ចុប្បន្ន ក្នុងស្មារតីដាច់ខាតរក្សាបាននូវសុខសន្តិភាព និងភាពរីកចម្រើនជូនជាតិ និងប្រជាជនកម្ពុជា ។
ការរៀបចំឲ្យមានកម្មវិធីនេះ គឺក្នុងគោលបំណងដើម្បីបង្ហាញទឹកចិត្តគាំទ្រដល់វីរកងទ័ពជួរមុខ និងក៏ដើម្បីបង្ហាញអំពីស្មារតីសាមគ្គីភាពជាតិខ្មែរ ដោយមានប្រជាជនជាខឿនការពារជួរក្រោយ ដើម្បីជួយ និងគាំទ្រដល់កងទ័ពជួរមុខ ព្រមទាំងរំលេចនូវស្មារតីជាតិនិយមរបស់ប្រជាជនកម្ពុជាដែលស្ថិតស្ថេរនៅជាអមតៈ ។
ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកដឹកនាំកម្មវិធី នៅក្នុងឱកាសនោះ បានបង្ហាញពីអារម្មណ៍ក្តុកក្តួលដោយក្តីរំភើប ជាមួយនឹងការចូលរួមរបស់ពលរដ្ឋខ្មែរដ៏ច្រើនកុះករបានថ្លែងថា ការជួបជុំនៅថ្ងៃនេះ គឺទាំងអស់គ្នាជាផ្នែកមួយ នៃខឿនការពារជាតិ ប្រជាជន ចូលរួមគាំទ្ររាជរដ្ឋាភិបាល និងផ្តល់ជាកម្លាំងចិត្ត គោរពទៅដល់វីរភាព ភាពអង់អាចក្លាហាន នៃកងកម្លាំងប្រដាប់អាវុធកម្ពុជា ដែលឈរជើងទាំងយប់ទាំងថ្ងៃ ក្នុងបេសកកម្ម ការពារបូរណភាពទឹកដីកម្ពុជា ចំពោះការប៉ុនប៉ង ការគំរាមកំហែង ការឈ្លានពានទឹកដី ការឈ្លានពានសុខសន្តិភាព និងស្ថេរភាពមកលើព្រះរាជាណាចក្រកម្ពុជា ពីសំណាក់កងទ័ពនៃប្រទេសថៃ ។
ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជាខ្នាតធំមួយ បានលាតឡើងនៅលើទីលាន នៃពហុកីឡដ្ឋានជាតិអូឡាំពិក នៅក្នុងកម្មវិធីនោះ បានបង្ហាញពីភាពអស្ចារ្យនៃជនជាតិខ្មែរ, ភាពអស្ចារ្យនៃដែនដីសុវណ្ណភូមិរបស់ខ្មែរ និងភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គវត្តរបស់ខ្មែរ ដែលនៅតែផុសអណ្តែតឡើងនៅផ្ទៃនៃទង់ជាតិខ្មែរអស់ជាច្រើនសម័យកាល បើទោះជាជាតិមួយនេះ ធ្លាប់ឆ្លងកាត់សង្គ្រាមជាច្រើនកន្លងមកហើយក៏ដោយ ។ ការជ្រោងទង់ជាតិឡើង ក៏សរបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា យុវជនកម្ពុជា បានក្រោកឈរឡើង លើកស្ទួយកិត្យនុភាពជាតិ បង្ហាញមោទនភាពជាតិរបស់ខ្លួន ដោយប្តេជ្ញាការពារឱ្យបានជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី ទោះស្ថិតក្នុងតម្លៃណាក៏ដោយ ដែលបានបង្ហាញប្រាប់ពិភពលោកពីសាមគ្គីជាតិខ្មែរ ការរួបរួមគ្នានៃប្រជាជាតិខ្មែរ គឺជាភាពខ្លាំងរបស់ខ្មែរ ។
សូមបញ្ជាក់ថា ការជួបជុំគ្នានៃប្រជាជនខ្មែរនេះ គឺជាលើកទីពីរហើយ បន្ទាប់កម្មវិធី Solidarity March កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ គឺជាសារលើកទឹកចិត្តដ៏ធំធេងទៅដល់វីរកងទ័ពជួរមុខកម្ពុជា ដែលកំពុងឈរយ៉ាងរឹងមាំប្រកបដោយស្មារតីប្រុងប្រយ័ត្ន មោះមុត និងហានក្លា ក្នុងគោលដៅការពារជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ វេង លឹមហួត, ជីម ភារ៉ា














