ឯកឧត្តម ឌិត ទីណា វាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ សហការពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម

អត្ថបទដោយ៖
ឈឹម សុផល

(ខេត្តបន្ទាយមាន)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីរាជការទាំងអស់ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងលើកទឹកចិត្តបន្តសហការពន្លឿនការងារកែតម្រូវឯកសារអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម សំដៅលើកកម្ពស់ការងារឱ្យកាន់តែមានភាពងាយស្រួល ឆាប់រហ័ស រិះរកវិធីសាស្ត្រដែលមានប្រសិទ្ធភាពដល់ទីតាំង និងផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ដូចនេះ ក្នុងឱកាសអញ្ជើញកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត នៅសាលាខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ។

ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បានផ្តល់អនុសាសន៍ណែនាំដល់អង្គពិធី បន្តកសាងសមិទ្ធផលបន្ថែមទៀតនូវវិស័យដទៃទៀតរួមមាន៖ សេដ្ឋកិច្ច សង្គម ការអបរំ សុខាភិបាល ពង្រឹងនូវការងារភូមិឃុំសុវត្ថិភាព លុបបំបាត់ក្មេងទំនើង និងការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដោយរៀបចំជាផែនការមេដោះស្រាយជាប្រយោជន៍សាធារណៈ យកចិត្តទុកដាក់ការទទួលសំណើនិងសំណូមពរ ឆ្លើយតបឱ្យចំគោលដៅ ទាន់ពេលវេលា វាយតម្លៃច្បាស់លាស់ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានសុទិដ្ឋិនិយមខ្ពស់ចំពោះក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលបានអនុវត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជំរុញការផ្សព្វផ្សាយនូវការខិតខំប្រឹងប្រែង និងលើកទឹកចិត្តបន្តថែមទៀតដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាខេត្តគម្រូលើការផ្តល់សេវាសាធារណៈល្អដាច់គេ ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner