អាមេរិកឲ្យស៊ីរីវាយពួកជីហាដ ដូរនឹងឱកាសបង្រួបបង្រួមជាតិ

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក បានទាមទារឱ្យកងកម្លាំងរដ្ឋាភិបាលស៊ីរី ធ្វើអន្តរាគមន៍ ទប់ស្កាត់ការវាយប្រហារ របស់ក្រុមជីហាដ បើចង់មានឱកាសបង្រួបបង្រួម ប្រទេសជាតិឡើងវិញ។

លោក Marco Rubio កាលពីថ្ងៃសៅរ៍ បានអំពាវនាវ ដល់កងកម្លាំងសន្តិសុខ របស់រដ្ឋាភិបាលស៊ីរី ឱ្យរារាំងក្រុមជីហាដ មិនឱ្យចូល និង “អនុវត្តការសម្លាប់រង្គាល” នៅក្នុងជម្លោះ ភាគខាងត្បូងនៃប្រទេស មជ្ឈិមបូព៌ា មួយនេះ។

លោករដ្ឋមន្ត្រី បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ បង្ហោះនៅលើបណ្តាញសង្គម X ថា “ប្រសិនបើអាជ្ញាធរ ក្នុងទីក្រុង ដាម៉ាស់ (Damascus) ចង់រក្សាឱកាសណាមួយ ក្នុងការសម្រេចបាននូវ ប្រទេសស៊ីរី បង្រួបបង្រួម និងសន្តិភាព… ពួកគេត្រូវតែជួយបញ្ចប់ គ្រោះមហន្តរាយនេះ ដោយប្រើកងកម្លាំងសន្តិសុខរបស់ពួកគេ ដើម្បីទប់ស្កាត់ ISIS និងក្រុមជីហាដ ដ៏ឃោរឃៅ ផ្សេងទៀត មិនឱ្យចូលទៅក្នុងតំបន់ និងធ្វើការសម្លាប់រង្គាល»។

លោក Rubio បាននិយាយថា «សហរដ្ឋអាមេរិក នៅតែជាប់ពាក់ព័ន្ធយ៉ាងខ្លាំង ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ជាមួយអ៊ីស្រាអែល ហ្ស៊កដានី និងអាជ្ញាធរ ក្នុងទីក្រុង ដាម៉ាស់ លើការវិវភិវឌ្ឍន៍ដ៏គួរឱ្យរន្ធត់ និងគ្រោះថ្នាក់ នៅភាគខាងត្បូង ប្រទេសស៊ីរី» ។

លោក បានអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវ និងនាំមកកាត់ទោស ចំពោះជនណាម្នាក់ដែលមានកំហុស ក្នុងអំពើឃោរឃៅ រួមទាំង អ្នកនៅក្នុងជួររបស់ពួកគេផ្ទាល់។ លោក Rubio បានបន្ថែមថា «លើសពីនេះ ការប្រយុទ្ធគ្នារវាងក្រុម Druze និង Bedouin នៅខាងក្នុងបរិវេណ ក៏ត្រូវតែបញ្ឈប់ ជាបន្ទាន់»។

ការប៉ះទង្គិចគ្នា រវាងកងកម្លាំងប្រដាប់អាវុធ Bedouin និងក្រុម Druze នៅតំបន់បេះដូង Sweida របស់សហគមន៍បានអូសទាញ នៅក្នុងរដ្ឋាភិបាលដឹកនាំដោយអ៊ីស្លាមរបស់ប្រទេសស៊ីរី អ៊ីស្រាអែល និងកុលសម្ព័ន្ធ ប្រដាប់អាវុធ ផ្សេងទៀត ឲ្យចូលមកពាក់ព័ន្ធ។

ការចរចារ ដោយអាមេរិក បានព្យាយាមបញ្ចៀស ការអន្តរាគមន៍យោធារបស់អ៊ីស្រាអែល បន្ថែមទៀត ដោយកងកម្លាំងស៊ីរី យល់ព្រមដកខ្លួនចេញពីតំបន់ ស្របពេលដែល បទឈប់បាញ់មួយ ត្រូវបានឯកភាពរួមគ្នា រវាងអ៊ីស្រាអែល និងស៊ីរី៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner