រដ្ឋបាលខេត្តបន្ទាយមានជ័យប្រជុំត្រួតពិនិត្យ និងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”ឆមាសទី១ឆ្នាំ២០២៥
បន្ទាយមានជ័យ៖កិច្ចប្រជុំត្រួតពិនិត្យ និងជំរុញអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”រយៈពេល៦ខែឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍នេះ ក្រោមអធិបតីភាព ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នៅសាលប្រជុំសាលាខេត្ត។
ទាក់ទងនឹងលទ្ធផលការងារឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខេត្តបានដាក់ចេញនូវបទបញ្ជាទៅដល់សមត្ថកិច្ចគ្រប់ក្រុង-ស្រុក បន្តអនុវត្តត្រួតពិនិត្យនៅតាមដងផ្លូវ ក៏ដូចជាទីតាំងសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព២៤ម៉ោងលើ២៤ម៉ោង។
ឯកឧត្ដមបន្តថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវបទបញ្ជាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រដ្ឋបាលខេត្តរួមជាមួយកងកម្លាំងពាក់ព័ន្ធបានធ្វើការបង្ក្រាបដល់ទីតាំងឆបោកតាមអនឡាញ និងល្បែងអនឡាញនៅក្នុងក្រុងប៉ោយប៉ែត បានជាបន្តបន្ទាប់ និងបានឃាត់ខ្លួនជនសង្ស័យក្នុងការបើកល្បែងអនឡាញបានជាច្រើននាក់។ ឯកឧត្តម បញ្ជាក់បន្ថែមថា យុទ្ធនាការនេះបន្តដូចភ្លៀងរលឹម។
ក្នុងឱកាសនោះឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានកោតសរសើររដ្ឋបាលខេត្ត ក៏ដូចជា កងកម្លាំងពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងយ៉ាងសស្រោកសស្រាំ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយភាពជោគជ័យ៕
ដោយ៖ឃិន គន្ធា


