សម្តេចតេជោ ហ៊ុន សែន ឆ្លើយតបខ្លាំងៗទៅ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជុំវិញការរិះគន់ថ្នាក់ដឹកនាំកម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញមកឆ្លើយតបយ៉ាងខ្លាំងទៅកាន់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ជុំវិញការរិះគន់ថ្នាក់ដឹកនាំកម្ពុជាថា គ្មានសីលធម៌ ។

នៅក្នុងសារដែលបានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចគឺជាអ្នកដែលមិនចង់និយាយជាមួយ លោក ថាក់ស៊ីន ចាប់តាំងពីកូនស្រីរបស់លោកបានព្រហើន និងមើលងាយសម្តេចមកម្ល៉េះ។ លើសពីនោះ សម្តេចក៏មិនចង់និយាយជាមួយបុគ្គលដែលធ្លាប់មានទោស ហើយកំពុងត្រៀមជាប់ទោសបន្ថែមទៀតផងដែរ។

សម្តេចតេជោបានរំលឹកថា ចាប់តាំងពី លោក ថាក់ស៊ីន ចូលពាក់ព័ន្ធនយោបាយថៃមក ប្រទេសថៃមានភាពច្របូកច្របល់ខ្លាំងតាំងពីមុនរដ្ឋប្រហារឆ្នាំ២០០៦។ សម្តេចក៏បានលើកឡើងពីការប្រមាថធ្ងន់ៗលើព្រះមហាក្សត្រថៃដែល លោក ថាក់ស៊ីន ធ្លាប់បានទទួលស្គាល់។

សម្តេចបានសង្កត់ធ្ងន់លើការរិះគន់របស់ លោក ថាក់ស៊ីន ដែលបានចោទប្រកាន់ថា អ្នកដឹកនាំកម្ពុជាពុំមានសីលធម៌ ដោយសម្តេចចាត់ទុកថាជាការប្រមាថដ៏ធ្ងន់ធ្ងរដូចកូនស្រីរបស់លោកប្រមាថមេដឹកនាំកម្ពុជាថា គ្មានវិជ្ជាជីវៈ ដែលជាហេតុធ្វើឲ្យមានការខឹងសម្បាពីប្រជាជនកម្ពុជា។

សម្តេចតេជោបានចោទសួរទៅ លោក ថាក់ស៊ីន វិញថា ប្រសិនបើសម្តេចជាមនុស្សអត់សីលធម៌ ហេតុអ្វីបានជា លោក ថាក់ស៊ីន ពឹងពាក់សម្តេចអស់រយៈពេល ១៩ឆ្នាំ (២០០៦-២០២៥) ហើយថែមទាំងស្តាប់ការទូន្មានរបស់សម្តេចរហូតហៅសម្តេចថាជា “មេ០១”។

សម្តេចក៏បានរំលឹកពីការរៀបចំគណបក្សភឿថៃ ដើម្បីចូលរួមបោះឆ្នោតឆ្នាំ២០១១ ដោយលើកឡើងពីទ្រឹស្តី “ថាក់ស៊ីនគិត ភឿថៃធ្វើ” ដែលសម្តេចចាត់ទុកថាជាទ្រឹស្តីរបស់ ហ៊ុន សែន ដែលគួររំលឹកដល់ លោក ថាក់ស៊ីន។

សម្តេចបានបង្ហើបថា នៅមានរឿងរ៉ាវជាច្រើនទៀតដែលសម្តេចមិនទាន់បាននិយាយ រួមទាំងការតែងតាំងសមាជិករដ្ឋាភិបាលផងដែរ
លើសពីនេះ សម្តេចបានចោទប្រកាន់ថា ការដឹកនាំបក្សភឿថៃដោយ លោក ថាក់ស៊ីន គឺជាការពិត រួមទាំងរឿង “ក្បត់ជាមួយភូមិចាយថៃ” ដែលសម្តេចអះអាងថាជាគំនិតរបស់ លោក ថាក់ស៊ីន ទាំងស្រុង មិនមែនជាគំនិតរបស់ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នោះទេ។

សារឆ្លើយតបដ៏ខ្លាំងក្លារបស់ សម្តេចតេជោ ហ៊ុន សែន នេះ បានបង្ហាញពីភាពតានតឹងក្នុងទំនាក់ទំនងរវាងមេដឹកនាំកំពូលពីររូបនៃប្រទេសជិតខាង ដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធកាលពីពេលមុន ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner