ទាហានថៃដើរចូលដីកម្ពុជារំលោភកិច្ចព្រមព្រៀងហើយជាន់មីនដែលសល់ពីសម័យសង្គ្រាម

(ភ្នំពេញ)៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ បានប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។

ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅក្នុងភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួររំលឹកផងដែរថា កម្ពុជាតែងតែបានដាស់តឿនឱ្យភាគីថៃអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវការឯកភាពគ្នាលើតម្រាយផ្លូវសម្រាប់ការដើរល្បាត ដោយសារតែតំបន់ទាំងនេះនៅមានគ្រាប់មីនមិនទាន់ផ្ទុះជាច្រើន ដែលសូម្បីតែប្រជាពលរដ្ឋកម្ពុជាក៏ត្រូវបានរងគ្រោះផងដែរ។

ជាក់ស្តែងទាហានថៃបានលើ្មសការឯកភាព ដែលបានចែងក្នុងអនុស្សារណៈនៃការយោគយល់គ្នាឆ្នាំ២០០០(MOU-2000) ហើយបានធ្វើការដើរល្បាតខុសពីតម្រាយផ្លូវចាស់របស់ខ្លួន ដោយបង្កើតតម្រាយផ្លូវថ្មីទៅក្នុងតំបន់ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា នេះបើផ្អែកតាមផែនទីមាត្រដ្ឋាន១/២០០.០០០ ដែលជាលទ្ធផលនៃការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ រហូតទទួលគ្រោះថ្នាក់ដោយសារការផ្ទុះគ្រាប់មីនដែលជាសំណល់ពីសង្គ្រាម។

ការគោរពអធិបតេយ្យ និងច្បាប់អន្តរជាតិមិនអាចបានតែនិយាយ ដោយមិនមានសកម្មភាពនោះទេ ដូច្នេះ កម្ពុជាអំពាវនាវឱ្យភាគីថៃអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ MOU-2000 និងប្រើប្រាស់ឱ្យបានពេញលេញនូវយន្តការច្បាប់អន្តរជាតិ ក្នុងនោះរួមមានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយជម្លោះព្រំដែននៃប្រទេសទាំងពីរ ដើម្បីនាំមកនូវសន្តិភាពពិតប្រាកដ និងយូរអង្វែង ព្រមទាំងទប់ស្កាត់ការគ្រោះថ្នាក់ ឬការបាត់បង់ជីវិតប្រជាពលរដ្ឋស្លូតត្រង់។

ជាមួយគ្នានេះ ឧប្បត្តិហេតុខាងលើក៏បានចោទជាសំណួរផងដែរ ថាតើថ្នាក់ដឹកនាំយោធាថៃមានចេតនាអ្វីឱ្យពិតប្រាកដ ដែលសុខចិត្តបញ្ជូនទាហានរបស់ខ្លួនឱ្យដើរល្បាតខុសតម្រាយផ្លូវ បើទោះបីជាដឹងមុនហើយថា ពួកគេអាចប្រឈមនឹងគ្រោះថ្នាក់ដោយសារមីនដែលជាសំណល់ពីសង្គ្រាម ហើយដែលកម្ពុជាតែងតែបានដាស់តឿនជារឿយៗ ឬមួយនេះជាការប៉ុនប៉ងដើម្បីបង្កឱ្យមានភាពតានតឹង ដែលអាចរុញច្រានស្ថានការណ៍ឱ្យប្រឈមមុខដាក់គ្នា។ ក្រសួងការពារជាតិបន្តអំពាវនាវឱ្យភាគីថៃ បញ្ឈប់រាល់សកម្មភាពទាំងឡាយណា ដែលបំពានមកលើបូរណភាពទឹកដីរបស់កម្ពុជា និងជៀសវាងទង្វើដែលគំរាមកំហែងដល់ការរក្សាសន្តិភាពនៅតាមបណ្តោយព្រំដែន។

ក្នុងនាមជាប្រទេសមួយដែលរងគ្រោះដោយសារមីន កម្ពុជាបានដើរតួនាទីយ៉ាងសកម្មក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា)។ កម្ពុជាត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ដោយសហគមន៍អន្តរជាតិ មិនត្រឹមតែចំពោះជោគជ័យក្នុងការបោសសម្អាត និងកម្ទេចចោលមីនប្រឆាំងមនុស្សគ្រប់ប្រភេទប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកជាច្រើនដល់កិច្ចខិតខំប្រឹងប្រែងរបស់អង្គការសហប្រជាជាតិ ក្នុងការបោសសម្អាតមីននៅតាមបណ្តាប្រទេសដែលបាន និងកំពុងរងគ្រោះដោយសារសង្គ្រាម។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បញ្ជាក់ជាថ្មីការគាំទ្រទាំងស្រុងចំពោះជំហររបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះរួមទាំងការយកប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ព្រមទាំងប្តេជ្ញាឥតងាករេដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ ទោះក្នុងតម្លៃណាក៏ដោយ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner