ក្រសួងសន្តិសុខសាធារណៈចិន វាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា(គ.ប.ឆ.ប.) បានអនុញ្ញាតឱ្យ លោក Yin Guohai ថ្នាក់អគ្គនាយករងនៃនាយកដ្ឋានស៊ើបអង្កេតព្រហ្មទណ្ឌ របស់ក្រសួងសន្តិសុខសាធារណៈចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥។
លោក Yin Guohai បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា និងលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់នៃយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាពេលថ្មីៗនេះ។ លោក Yin Guohai បានសង្កត់ធ្ងន់ថា ភាគីចិនរីករាយបន្តចាប់ដៃ គាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការចំពោះប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាបនិងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអំពីយុទ្ធនាការរបស់រាជរដ្ឋាភិបាល រួមទាំងលទ្ធផលក្នុងការបង្ក្រាប និងបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបញ្ជូនសំណុំរឿងទៅតុលាការ។ ឯកឧត្តមសន្តិបណ្ឌិតបានស្វាគមន៍កិច្ចសហប្រតិបត្តិការ ការបណ្តុះបណ្តាញជំនាញ និងជំនួយបច្ចេកទេសពីប្រទេសពាក់ព័ន្ធ ដើម្បីពង្រឹងប្រសិទ្ធភាព និងបង្កើនជោគជ័យនៃប្រតិបត្តិការបង្ក្រាបនិងបោសសម្អាតរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមសន្តិបណ្ឌិតក៏បានអរគុណភាគីចិនចំពោះកិច្ចសហការកន្លងមក។
ភាគីទាំងពីរបានពិភាក្សាលើបទពិសោធន៍ក្នុងកិច្ចសហប្រតិបត្តិការកន្លងមក ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហការបន្ថែម ក្នុងការចែករំលែកព័ត៌មាន ស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីឈានទៅដល់ការបង្ក្រាបទីតាំង និងចាប់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងបន្តនីតិវិធីច្បាប់។ ទន្ទឹមនេះ ភាគីចិនបានសន្យានឹងខិតខំប្រឹងប្រែងជួយកម្ពុជាធ្វើយ៉ាងណាចាប់បញ្ជូនជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជាត្រលប់ទៅកាន់ប្រទេសចិនវិញឱ្យបានឆាប់រហ័សបំផុតតាមដែលអាចធ្វើទៅបាន ដោយភាគីចិនចាត់ទុកការងារនេះ ជាការងារអាទិភាព៕
ដោយ៖ពលជ័យ



