ថ្ងៃទី១នៃសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ បានចាប់ផ្តើម​ដោយបើកសិក្ខាសាលាចំនួន៧ ផ្តោត សារៈប្រយោជន៍យ៉ាងសំខាន់លើ​វិស័យ​ព័ត៌មានយុគសម័យថ្មី

(សៀមរាប)៖ ក្នុងការបើកសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនាថ្ងៃទី២១ ខែ​កក្កដា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នេះ បានចាប់ផ្តើមធ្វើឡើងដោយបើកសិក្ខា​សាលា​ចំនួន ៧ព្រមៗគ្នា ក្នុងនេះបានផ្តោតសារៈយ៉ាងសំខាន់ ទៅលើការវិវឌ្ឍន៍ នៃយុគ​សម័យ​ឌីជីថល ការវិឌ្ឍន៍លើវិស័យបញ្ញាសិប្បនិម្មិត (AI)ជាដើម ។ នេះបើតាម​ការ​ថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ។

ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសិក្ខា​សា​លា​នាព្រឹកថ្ងៃនេះដែរនឹងមានវាគ្មិនមកពីបណ្តា​ប្រទេសសំខាន់ៗ​ពិសេសជាសម្ព័ន្ធ​ភាពនិងដៃគូសំខាន់ៗ ដែលក្នុងនោះនឹងធ្វើបទបង្ហាញ និង ពន្យល់អ្នកចូលរួមទាំ​ងអស់​បាន​យល់ និងបានចំណេះដឹងក្នុងពិធីនេះផ្ទាល់តែម្តង។

ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកថា នេះពិតជាមានសារៈសំខាន់សម្រាប់អ្នក​ចូលរួមក្នុងការបានទទួលនូវចំណេះដឹងថ្មីៗនៃការវិវឌ្ឍន៍នេះបច្ចេកវិទ្យាទំនើបថ្មីៗដល់អ្នកចូលរួម ។

សន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាប បានចាប់ផ្តើមហើយ នៅថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ២០២៥ នាសណ្ឋានគារសុខា ។ នេះជាការធ្វើម្ចាស់​ផ្ទះលើកទី២ បន្ទាប់ពី លើកដំបូងកម្ពុជាបានរៀបចំសន្និសីទកំពូល​ស្តីពីប្រព័ន្ធផ្សព្វ​ផ្សាយនេះមានលើកទី១៦ នៅក្នុងឆ្នាំ២០១៩ ដោយនៅពេលនោះគឺមានអ្នកចូល​រួមប្រមាណជាង៦០០នាក់ មកពីបណ្តាប្រទេសចំនួន ៤៣។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ឱ្យដឹងនាថ្មីៗនេះថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ គឺដើម្បីពង្រឹងទៅលើ​ក្របខ័ណ្ឌ​នៃការទូតព័ត៌មានចំពោះការទូតព័ត៌មាន គឺសំដៅទៅលើវិស័យព័ត៌មាន និងសោតទស្សន៍។ ចំពោះកិច្ចសហប្រតិបត្តិការនេះ ក្រសួងព័ត៌មាន ក្នុងនាមជា​សេនា​ធិការរបស់រាជរដ្ឋាភិបាល គឺត្រូវចាំបាច់រុញតភ្ជាប់ក្នុងតំបន់ និងពិភពលោក​តែម្តង ពីព្រោះបញ្ហាដែលជួបប្រទះរួម គឺព័ត៌មានក្លែងក្លាយ ហើយហានិភ័យនៃការ​កើន​ឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)។

ឯកឧត្តម ប៉ាង ណាត អនុរដ្ឋលេខាធិការនៃក្រសួងព័ត៌មាន បានឱ្យដឹងដែរថា ៖ ការរៀបចំសន្និសីទកំពូលស្តីអំពី”ប្រព័ន្ធផ្សាព្វផ្សាយនៅអាស៊ីប៉ាស៊ីហ្វិក”លើកនេះ ក្រសួងព័ត៌មានក៏បានរៀបចំគណៈកម្មការមួយ ដោយមានឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានជាប្រធាន។ ហើយ ក្នុងគណៈកម្មាធិការនេះមានអនុគណៈ​កម្មការចំនួន៤ និងលេខាដ្ឋានចំនួន១។ ដោយក្នុងអនុគណៈកម្មការចំនួន៤នេះទី១​អនុគណៈកម្មការសណ្តាប់ធ្នាប់ និងសង្រ្គោះបន្ទាន់ ដើម្បីយើងទទួលគណៈប្រតិភូ។ យើងត្រូវតែមានការងារសណ្តាប់ធ្នាប់ មានការងារសង្រ្គោះបន្ទាន់ដោយ យថា​ហេតុ​ណាមួយ។ អនុគណៈកម្មការមួយទៀតគឺអនុគណៈកម្មការ និងបដិសណ្ឋារកិច្ច។

គួរបញ្ជាក់ថា ការរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែល​គ្រោងនឹងប្រព្រឹត្តចាប់ពីថ្ងៃទី២០ ដល់ទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្ត​សៀម​រាប​នេះដំណើរការនៃអង្គសន្និសីទ គឺក្រសួងព័ត៌មាន សហការជាមួយ វិទ្យាស្ថាន​អភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមគ្នារៀបចំសំដៅ​ធ្វើ​យ៉ាងណាឱ្យរលូនល្អ និងទទួលបានលទ្ធផលជោគជ័យ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner