ផ្សែងពុលសម្លាប់មនុស្សជិត៥ម៉ឺននាក់ នៅក្រុង២របស់ចិន តាំងពីដើមឆ្នាំ២០២០

ចិន៖ ការបំពុលខ្យល់ ឬផ្សែងលាយអ័ព្ទខ្លាំងបានបង្កឲ្យមនុស្សប្រមាណ៤៩០០០បានស្លាប់ ហើយខាតបង់សេដ្ឋកិច្ច២៣ពាន់លានដុល្លារអាម៉េរិក នៅទីក្រុងធំៗចំនួនពីរ របស់ប្រទេសចិន គឺក្រុងប៉េកាំង និងសៀងហៃ ចាប់តាំងពីថ្ងៃទី១ មករា ២០២០មក នេះបើតាមក្រុមស្រាវជ្រាវបរិស្ថានមួយក្រុមឈ្មោះថា CREA បង្ហាញឲ្យដឹងនៅថ្ងៃទី៩ កក្កដា ២០២០នេះ ចេញផ្សាយដោយសារព័ត៌មាន CNA ។

ឧបករណ៍តាមអនឡាញ បង្កើតឡើងដោយ CREA ឬមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវ លើថាមពល និងខ្យល់ស្អាតបានស្រាវជ្រាវពីបញ្ហា ផ្សែងក្នុងទីក្រុងធំៗចំនួន២៨ ទូទាំងពិភពលោក ដោយយកគំរូតាមកម្មវិធីស្រាវជ្រាវ បន្ទុកជំងឺពិភពលោកឬ Global Burden of Disease ក្នុងការវាយតម្លៃលើផលប៉ះពាល់សុខភាព។ ប្រភពថា កម្រិតផ្សែងពុលមានទំនាក់ទំនងជាមួយប្រភេទជំងឺ ដូចជាជំងឺបេះដូង មហារីកសួត ដាច់សរសៃឈាមក្នុងខួរក្បាលជាដើម។
ប្រភពបញ្ជាក់ដែរថា សៀងហៃគឺជាក្រុងមួយដែលមានខ្យល់ពុលខ្លាំង នាំឲ្យមនុស្ស២៧០០០បានស្លាប់ ខណៈដែលប៉េកាំងមានច្រើនជាង២២០០០នាក់។

ជាមួយគ្នានេះដែរ បើយោងតាមរដ្ឋាភិបាលចិនបានឲ្យដឹងថា កម្រិតខ្យល់ពុល PM2.5 នៅក្រុងសៀងហៃ មានខ្ពស់ជាងនៅក្រុងប៉េកាំង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២០មកនេះ។ យ៉ាងណាក៏ដោយ បញ្ហាផ្សែងពុលនៅប្រទេសចិនបានធ្លាក់ចុះ នៅឆ្នាំ២០២០នេះ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ធ្លាក់ចុះច្រើន ព្រោះតែការបិទតំបន់នានា បន្ថយសកម្មភាពចរាចរណ៍ និងសកម្មភាពឧស្សាហកម្ម៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner