កម្ពុជា និង បណ្តាអ្នកជំនាញបរទេស នឹងអង្គុយរួមកិច្ចសហការគ្នា ប្រឆាំងព័ត៌មានក្លែងក្លាយ និងវិស័យព័ត៌មានការទូត
(សៀមរាប)៖ ក្នុងសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្ត សៀមរាបនាថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២៥ដែលបានរៀបចំឡើងនាទឹកដីអង្គរ ខេត្តសៀមរាប កម្ពុជា នឹងអង្គុយរួមគ្នាជាមួយអ្នកជំនាញបរទេស ក្នុងការរួមកិច្ចសហការក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និង ព័ត៌មានការទូត។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។
ថ្លែងប្រាប់បណ្តាញសារព័ត៌មាននាព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានឱ្យដឹងថា៖តាមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានយើងនឹងអង្គុយរួមគ្នាជាមួយអ្នកឯកទេសពីអ្នកជំនាញបណ្តាប្រទេសនានាដើម្បីរកវិធី ក្នុង កិច្ចសហប្រតិបត្តិការដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ ដែលនេះជាចំណុចសំខាន់ទី១ ហើយរឿងសំខាន់ទី២ទៀតគឺ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាននឹងផ្តល់ឱកាសក្នុងព័ត៌មានការទូត ពោលគឺយើងនឹងប្រើប្រាស់ទំនាក់ទំនងអន្តរជាតិ លើគ្រប់វិស័យការទូតគ្រប់វិស័យប្រព័ន្ធផ្សព្វផ្សាយ ទាំងវិស័យ នយោបាយការទូតតាមរយៈព័ត៌មាន ដើម្បីធ្វើយ៉ាងណាយើងរួមគ្នាលើកតម្កើង លើកកម្ពស់ កិត្យានុភាព ព្រះរាជាណាចក្រកម្ពុជា ជាសំខាន់។ ក្រៅពីនេះយើងនឹងប្រាប់ដល់គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់យើងបានឈានចូលដល់យុគសម័យទំនើប យុគសម័យ ឌីជីថល យុគសម័យបញ្ញាសិប្បនិម្មិត(AI)ដែលចាំបាច់ត្រូវដើរឱ្យទាន់យុគសម័យកាលថ្មី។
ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថា”បើមិនដូច្នេះទេប្រព័ន្ធផ្សព្វផ្សាយរបស់យើងត្រូវតែមានលក្ខណៈសម្បត្តិជាមុន ហើយក្នុងកិច្ចប្រជុំសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit) នៅលើទឹកដីអង្គរ ខេត្តសៀមរាបនេះ អ្នកជំនាញក៏នឹងផ្តល់នូវបទពិសោធន៍ទាំងអស់នេះដល់ប្រព័ន្ធផ្សាយនូវគ្រប់វេទិការនៃអង្គសិក្ខាសាលាទាំង៧ ហើយវេទិកានេះដែរសុទ្ធតែមានតំណាងវិស័យសារព័ត៌មានកម្ពុជាចូលរួម។ទាំងអស់នេះបានផ្តល់នូវសារៈសំខាន់ណាស់ ពីព្រោះថាក្នុងការចែករំលែកបទពិសោធន៍ពីភាពជាក់ស្តែងបច្ចុប្បន្នភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករបស់វិស័យសារព័ត៌មានជាតិយើង ឱ្យកាន់តែរីកចម្រើនឈានទៅមុខ ក្នុងនេះរួមទាំងវិស័យផ្សព្វផ្សាយរបស់រដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយរបស់ឯកជន។
គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី១ នៃថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៥នៃសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នាសណ្ឋានគារសុខាសៀមរាបបានរៀបចំសិក្ខាសាលាសំខាន់ៗដូចជា៖សិក្ខាសាលាស្តីពី បញ្ញាសិប្បនិម្មិតក្នុងប្រព័ន្ធផ្សព្វផ្សាយ (AI) សិក្ខាសាលាមុនសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ ស្តីពី បន្ទប់ព័ត៌មានឌីជីថល,សិក្ខាសាលាស្តីពី ការផ្លាស់ប្តូរការបង្កើតមាតិកាប្រព័ន្ធផ្សព្វផ្សាយតាមរយៈឧបករណ៍ និងបច្ចេកវិទ្យាដែលដំណើរការដោយបញ្ញាសិប្បនិម្មិត,សិក្ខាសាលាស្តីពីតួនាទីនៃការទូតព័ត៌មានក្នុងការលុបបំបាត់ព័ត៌មានមិនពិតជាដើម។
គួរបញ្ជាក់ថា ក្នុងពិធីបើកសន្និសីទកំពូលស្តីពី ប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាបដោយចាប់ផ្តើមពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ ២០២៥ ដោយថ្ងៃទី១បានបើកសិក្ខាសាលាចំនួន៧ព្រមៗគ្នា ក្នុងនេះបានផ្តោតសារៈយ៉ាងសំខាន់ ទៅលើការវិវឌ្ឍន៍នៃយុគសម័យឌីជីថល ការវិឌ្ឍន៍លើវិស័យបញ្ញាសិប្បនិម្មិត (AI)ជាដើម៕







ដោយ ៖ ម៉ាដេប៉ូ