កម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីបង្ហាញពីកត្តាសុខសន្តិភាពនិងសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន

(សៀមរាប)៖ ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាទទួល ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) ជាឱកាសដ៏ល្អដើម្បីផ្សព្វផ្សាយពីសក្តានុពល ទេសចរណ៍ បេតិកភណ្ឌវប្បធម៌ និងការរីកចម្រើនរបស់កម្ពុជា ដោយបង្ហាញពីសន្តិភាពនិងវឌ្ឍនភាពរបស់ ប្រទេស។ បន្ថែមពីនោះទៀត បានបង្ហាញពីវឌ្ឍនភាព សន្តិភាព និងសក្តានុពល សេដ្ឋកិច្ចរបស់ខ្លួន ទៅកាន់អ្នកចូលរួមរាប់រយនាក់មកពីជុំវិញពិភពលោក ។

ការលើកឡើងរបស់ ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ បញ្ចាក់ប្រាប់នៅក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ នាសណ្ឋាគារសុខា សៀមរាប។ មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះលើកឡើងបន្ថែមថា ការធ្វើជាម្ចាស់ផ្ទះនៃសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ី លើកទី២០ មានការចូលរួមពីបណ្តាប្រទេសជាច្រើន ដែលបានបង្ហាញពីភាពជាក់ស្តែងថា កម្ពុជាជាប្រទេស មានសុខសន្តិភាព និងជាប្រទេសដែលអាចទទួលរៀបចំព្រឹត្តិការណ៍ក្នុងកម្រិតអន្តរជាតិ។

ឯកឧត្តម បានបញ្ចាក់បន្តទៀតថា ក្រុងសៀមរាប ដែលជាតំបន់សម្បូរទៅដោយបេតិកភណ្ឌវប្បធម៌ និង ប្រវត្តិសាស្ត្រ រួមទាំងរមណីយដ្ឋានអង្គរវត្ត នឹងត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ « អ្នកដែលចូលរួមនៅទីនេះសុទ្ធតែបានបន្លឺ បង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួន ទោះបី ភ្ញៀវខ្លះធ្លាប់មកជាលើកទី១ ឬ ២ក្តី សុទ្ធតែបាននិយាយថា កម្ពុជាមានភាពស្រស់ស្អាត ប្រជាពលរដ្ឋកម្ពុជា ស្រស់ស្រាយញញឹមរាក់ទាក់ ហើយកម្ពុជាមានសន្តិភាពយ៉ាងពិតប្រាកដ»។

សូមបញ្ជាក់ថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ “អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និង លើសពីនេះ ” ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៥០ ប្រទេសនៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ។

តាមរយៈសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០នេះ កម្ពុជានឹងទទួលបានកំណើនភ្ញៀវទេសចរ កាន់តែច្រើន ព្រោះថា នៅក្នុងព្រឹត្តិការណ៍នេះ មានអ្នកដែលចូលរួមគឺសុទ្ធតែជាថ្នាក់ដឹកនាំអន្តរជាតិ និង អ្នកសារព័ត៌មានបរទេសជាច្រើន មកពីប្រទេសជាសមាជិកជិត ៥០ប្រទេស ដែលនឹងបានទស្សនាផ្ទាល់ និងមើលឃើញនូវទិដ្ឋភាពជាក់ស្ដែងដ៏អស្ចារ្យនៃប្រាង្គប្រាសាទបុរាណខ្មែរ នៅក្នុងខេត្តសៀមរាប៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner