អគ្គនាយក CMAC ឆ្លើយតបទៅភាគីថៃថា កម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិ
ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈបណ្តាញសង្គម នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ បានគូសបញ្ជាក់ថា កម្ពជាជារដ្ឋភាគីនៃអនុសញ្ញាមីនអន្តជាតិអូតាវ៉ា និងបានសកម្មចូលរួមអនុវត្តន៍អនុសញ្ញានេះប្រកបដោយជោគជ័យទាំងឆាកជាតិនិងអន្តរជាតិទាំងមុននិងក្រោយក្លាយខ្លួនសមាជិកពេញសិទ្ធិនៅឆ្នាំ២០០០។
កម្ពុជាបានបញ្ជាក់ថា គ្រប់ភាគីជម្លោះបានប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សមានចំនួនប្រមាណ៤-៦លានគ្រាប់ ហើយគិតមកដល់ពេលនេះកម្ពុជា បានបោសសម្អាត និងកម្ទេចចោលចំនួនជាង១លាន២សែនគ្រាប់ ដែលភាគច្រើនស្ថិតនៅតំបន់ខាងក្នុងផ្ទៃប្រទេសសម្រាប់បម្រើសុខសុវត្ថិភាពប្រជាពលរដ្ឋ និងអភិឌ្ឍន៍ប្រទេសឡើងវិញ។ គិតមកដល់ពេលនេះ កម្ពុជា បានបោសសម្អាត និងកម្ទេចចោលទាំងគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួនជាង៤លាន៤៦ម៉ឺនគ្រាប់។
ឯកឧត្តម ហេង រតនា ក៏បានលើកឡើងជាថ្មីម្ដងទៀតថា បូរណភាពទឹកដីអ្នកណាអ្នកនោះទទួលខុសត្រូវ ខាងក្រោមនេះជាខ្លឹមសារសង្ខេបនៃមាត្រាទី៥ នៃអនុសញ្ញាមីនអន្តរជាតិអូតាវ៉ា!
១. រដ្ឋភាគីនីមួយៗ មានកាតព្វកិច្ចកម្ទេច ឬធានានូវការកម្ទេចគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សនៅក្នុងទីតាំងមានមីនស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនឲ្យលើសរយៈពេល១០ឆ្នាំបន្ទាប់ពីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញានេះ។
២. រដ្ឋភាគីនីមួយៗ ត្រូវខិតខំប្រឹងប្រែងគ្រប់លទ្ធភាពដើម្បីកំណត់ទីតាំងទាំងអស់ក្រោមយុត្តាធិការ ឬការ គ្រប់គ្រងរបស់ខ្លួន ដែលបានដឹង ឬសង្ស័យថាមានដាក់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដោយត្រូវដាក់ផ្លាកសញ្ញាសម្គាល់ព្រំប្រទល់ ពិនិត្យតាមដាន និងការពារដោយព័ទ្ធរបង ឬដោយមធ្យោបាយផ្សេងទៀតនៅគ្រប់ទីតាំងដែលមានគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស ដែលស្ថិតនៅក្រោមយុត្តាធិការ ឬការគ្រប់គ្រងរបស់ខ្លួននោះ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីធានាការពារជនស៊ីវិលពីការគ្រោះថ្នាក់ដោយសារគ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្ស រហូតដល់គ្រាប់មីនគ្រប់ប្រភេទប្រឆាំងមនុស្សទាំងអស់នោះត្រូវបានកម្ទេចចោល៕
ដោយ៖ពលជ័យ


