រដ្ឋលេខាធិការក្រសួងកសិកម្ម វាយតម្លៃខ្ពស់លើវិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥
(សៀមរាប)៖ ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលសម្រេចបានប្រចាំឆមាសទី១ឆ្នាំ២០២៥ វិស័យកសិកម្មក្នុងខេត្តសៀមរាប មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ។ ទាំងនេះក៏ដោយសារការខិតខំជំនះរាល់ការលំបាក ឧបសគ្គនានា ពីសំណាក់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដោយមានការគាំពីរដ្ឋបាលខេត្ត និងកិច្ចសហការដ៏ល្អជាមួយអង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ព្រមទាំងការឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករ ។ ឯកឧត្តម រដ្ឋលេខាធិការ ថ្លែងដូច្នេះក្នុងឱកាសដឹកនាំសិក្ឋាសាលាបូកសរុបលទ្ធផលការងារ ឆមាសទី១ និថដាក់ទិសដៅការងារឆមាសទី២ ឆ្នាំ២០២៥ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ។
ក្នុងឱកាសនេះ ឯកឧត្តម ឃុន សាវឿន បានដាក់ទិសដៅ ដើម្បីអនុវត្តបន្ត ដោយទី១ ត្រូវលើកកម្ពស់ការស្រាវជ្រាវ និងផ្សព្វផ្សាយកសិកម្មបន្ថែមទៀត ក្នុងទិសដៅបង្កើនបរិមាណ និងគុណភាពផលិតផលកសិកម្ម តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា បច្ចេកទេស ក្នុងបរិការណ៍នៃការប្រែប្រួលអាកាសធាតុ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក និងការនាំចេញ។ ទន្ទឹមនេះ ត្រូវរៀបចំយន្តការព័ត៌មាន ស្ថានភាពទីផ្សារ និងនិន្នាការតម្លៃ ពិសេសការតភ្ជាប់ការផលិតតាមកិច្ចសន្យា រវាងកសិករ និងពាណិជ្ជករ។ នាំគ្នាគិតគូរថា តើដំណាំអ្វី ផលិតផលអ្វី ដែលទីផ្សារត្រូវការ ហើយមានការផ្លាស់ប្តូរទម្លាប់ចេញ នូវមុខផលិតកម្មដំណាំដូចៗ គ្នា ក្នុងពេលតែមួយ ក៏ដូចជាការជួយគិតដល់កសិករផងដែរថា ឆ្នាំនេះគាត់រកបានចំណូលប៉ុណ្ណេះ តើឆ្នាំក្រោយត្រូវធ្វើអ្វីឲ្យបានច្រើនជាងនេះទៅទៀត ។
ទី២ ប្រព័ន្ធធារាសាស្រ្ត គឺជាមធ្យោបាយចាំបាច់បំផុត ក្នុងការធ្វើកសិកម្ម ប៉ុន្តែប្រព័ន្ធធារាសាស្រ្តរបស់យើងនៅមិនទាន់គ្របដណ្តប់ លើផ្ទៃដីដាំដុះឲ្យបានទូលាយ ដោយប្រឡាយភាគច្រើនទាល់តែមានភ្លៀងទើបមានទឹក ហើយទន្ទឹមនេះប្រឡាយទឹកតូចៗ នៅមិនទាន់បានពង្រីកឲ្យដល់ស្រែ ចម្ការរបស់កសិករ ហើយកន្លែងខ្លះទៀត អ្នកបច្ចេកទេសយើងបញ្ចូលបច្ចេកទេសកសិកម្មល្អ (GAP) គួបផ្សំការប្រើប្រាស់ប្រព័ន្ធស្រោចស្រពទឹកដោយទុយោ (ទ្រីប) ឃើញថា ទទួលបានលទ្ធផលល្អបានមួយចំនួនក្នុងការដាំដុះដំណាំបន្លែបង្ការ ប៉ុន្តែនៅមិនទាន់គ្រប់គា្រន់នៅឡើយ ដូចនេះត្រូវប្រឹងប្រែងជំរុញបន្ថែមទៀត។
ទី៣ ណែនាំដល់កសិករក្នុងការរៀបចំដីស្រែតាមបច្ចេកទេស បង្កលក្ខណៈងាយស្រួលដល់ការដាំដុះ ការគ្រប់គ្រងទឹកនិងដីឲ្យ គ្រប់គ្រងជីនិងការកម្ចាត់សមាសភាចង្រៃ ពិសេស ត្រូវជ្រើសរើសប្រភេទពូជស្រូវដែលផ្តល់ទិន្នផលខ្ពស់ ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ អនុវត្តបច្ចេកទេសកសិកម្មសមស្រប ដើម្បីទទួលបានទិន្នផលខ្ពស់ គុណភាពល្អ និងថ្លៃខ្ពស់នៅលើទីផ្សារ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពសហគមន៍កសិកម្មទំនើប ដើម្បីផលិតក្នុងទ្រង់ទ្រាយធំ ដោយអនុវត្តយន្តការផលិតកម្មកសិកម្ម តាមកិច្ចសន្យាដោយស្មោះត្រង់រវាងអ្នកផលិត និងអ្នកប្រមូលទិញ ដោយអនុវត្តកសិកម្មវៃឆ្លាត និងកសិកម្មសុវត្ថិភាព។
ទី៤ លើកកម្ពស់រតាមដានចរន្តសត្វ អនាម័យសត្វ និងភូតគាមអនាម័យ យកចិត្តទុកដាក់លើយន្តការក្របខណ្ឌគតិយុត្ត និងបច្ចេកវិទ្យា ព្រមទាំងពង្រីកនិងពង្រឹងសមត្ថកិច្ចត្រួតពិនិត្យអនាម័យសាច់តាមទីសត្តឃាតដ្ឋាន ដើម្បីសុវត្ថិភាព សុខភាពសាធារណៈ។
ទី៥ បន្តពង្រឹងការអភិរក្សធនធានជលផល ជំរុញការអភិវឌ្ឈវារីវប្បកម្ម លើកទឹកចិត្តកសិករក្នុងការការចិញ្ចឹមត្រីតាមស្រះ ក្នុងបែរ ក្នុងតង់ និងក្នុងស្រែ តាមស្ថានភាពជាក់ស្តែង ព្រមទាំងបន្តការងារលែងពូជត្រីក្នុងបឹងធម្មជាតិ ដើម្បីបង្កើនផលស្តុកក្នុងបឹងធម្មជាតិសម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ពង្រឹងដល់យន្តការការពារ និងទប់ស្កាត់បទល្មើសជលផលគ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ច ការពារជម្រកត្រីពងកូន និងបឹងអភិរក្សត្រីមេពូជ។
ទី៦ ជំរុញការដាំនិងស្តារព្រៃឈើឡើងវិញដើម្បីបង្កើនគម្របព្រៃឡើងវិញ ព្រមទាំងពង្រឹងសហគមន៍ព្រៃឈើ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈបង្កើតមុខរបរផ្សេងៗដោយមិនត្រូវពឹងពាក់លើផល អនុផលព្រៃឈើឡើយ។ ពង្រឹងការទប់ស្កាត់ និងបង្រាបបទល្មើសព្រៃឈើ សត្វព្រៃ ឲ្យមានប្រសិទ្ធភាពខ្ពស់ ជំរុញបង្កើនបរិមាណបណ្ដុះនិងដាំកូនឈើ និងពង្រឹងការការពារក្នុងកម្រិតខ្ពស់ ទាន់ពេលវេលានូវភ្លើងឆេះព្រៃ ៕
ដោយ ៖ វណ្ណលុក








