រដ្ឋមន្រ្តីព័ត៌មាន សូមឱ្យប្រព័ន្ធព័ត៌មានថៃប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានត្រឹមត្រូវ ហើយសូមកុំបញ្ចូលនូវនិន្នាការនយោបាយ នៅក្នុងអត្ថបទព័ត៌មានរបស់ខ្លួន
(សៀមរាប)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានស្នើសុំឱ្យប្រព័ន្ធព័ត៌មានរបស់ថៃ សូមឱ្យប្រកាន់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឱ្យបានត្រឹមត្រូវ ហើយការផ្សព្វផ្សាយព័ត៌មាន ត្រូវប្រកាន់នូវសច្ចៈភាពនៃព័ត៌មាន ភាពត្រឹមត្រូវនៃព័ត៌មាន ហើយសូមកុំបញ្ចូលនូវនិន្នាការនយោបាយ នៅក្នុងអត្ថបទពព័ត៌មានរបស់ខ្លួន។
ឯកឧត្តម រដ្ឋមន្រ្តីគូសបញ្ជាក់ថា «មិនមែនបង្រៀនអ្នកសារព័ត៌មានរបស់ថៃ ទេ ក៏ប៉ុន្តែ អ្វីដែលយើងបានសង្កេតឃើញគឺការបំភ្លៃ បំភ្លើស ក្នុងការបំប៉ោងព័ត៌មាន មានច្រើន»។
ការស្នើសុំបែបនេះរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន និងអន្តរជាតិ ជាច្រើនស្ថាប័ន បន្ទាប់ពីលោកបានបញ្ចប់ពិធីបើកសិក្ខាសាលាស្តីពីការពង្រឹងសមត្ថភាពឌីជីថល របស់យុជន និងក្មេងស្រី ក្នុងវិស័យ ITC Cambodia ឆ្នាំ២០២៥។ ជូនដល់យុវជន និងបណ្តាមន្ត្រីជំនាញផ្នែកព័ត៌មាន មកពីបណ្តាប្រទេសចំនួន៣៧ នៅលើទឹកដីសៀមរាប-អង្គរ កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥នេះ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងបន្ថែថា៖អ្វីដែលយើងធ្វើការតាមដានកន្លងទៅលើបញ្ហាផ្សព្វផ្សាយប្រព័ន្ធ របស់ផ្សព្វផ្សាយថៃ គឺការបង្កើតនូវភាពមន្ទិល និងការប្រើប្រាស់ពាក្យពេចន៍ដែលជួនកាលអ្នកព័ត៌មាន បានបំប៉ោងខុសពីការពិត។
ជាមួយគ្នានេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ជារើយៗតែងតែឃើញមានអ្នកសារព័ត៌មានរបស់ថៃ តែងតែផ្សព្វផ្សាយព័ត៌មាន បំភ្លៃ បំភ្លើសទៅលើស្ថានភាពពិតមួយចំនួនពីបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ ត្រង់ចំណុចនេះនៃការផ្សព្វផ្សាយព័ត៌មាន បំភ្លើសពីសំណាក់សារព័ត៌មានថៃ មួយចំនួនកន្លងមកនេះ គឺបានបង្កឱ្យមានការយល់ច្រឡំពីសំណាក់ប្រជាជនថៃ ជាដើម។
សូមជម្រាបថា ប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ (20th Asia Media Summit -AMS) នៅលើទឹកដីអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទ «អបអរសាទរពីរទសវត្សរ៍នៃឧត្តមភាព និងលើសពីនេះ» ដែលមានអ្នកសារព័ត៌មានចូលរួមមកពីប្រទេសជាសមាជិកចំនួន ៣៧ប្រទេស នៅទូទាំងពិភពលោក និងដៃគូកិច្ចសហប្រតិបត្តិការ ព្រមទាំងអង្គការអន្តរជាតិដែលចូលរួមជាមួយប្រព័ន្ធផ្សព្វផ្សាយផងដែរ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា





