សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូនប្រធាននាយកប្រតិបត្តិក្រុមហ៊ុន Minebea Mitsumi Inc., របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូនលោក យូស៊ីហ៊ីម៉ា កៃនុម៉ា (YOSHIHISA Kainuma) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន មីនេបៀមីត្សូមី Minebea Mitsumi Inc., របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ ។
សូមជម្រាបថា ក្រុមហ៊ុនមីនេបៀ ខេមបូឌា-Minebea Cambodia Co.Ltd គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea Mitsumi របស់ជប៉ុន។ ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនអេឡិចត្រូនិក ផលិតម៉ូទ័រគ្រប់ប្រភេទ ដែលយកទៅផ្គត់ផ្គង់ ទីផ្សារអន្តរជាតិ និងបានបើកដំណើរការដំបូងនៅកម្ពុជា ក្នុងចន្លោះឆ្នាំ២០១០ ក្នុងតម្លៃវិនិយោគប្រមាណ ៣២លានដុល្លារ ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះ បានតម្លើងការវិនិយោគរបស់ខ្លួននៅកម្ពុជា ឡើងដល់ជាង ៦០០លានដុល្លារ និងមានកម្មករជាង ៦៦០០នាក់ ។
បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សន៍កន្លងទៅនេះ ក្រុមហ៊ុនមីនេបៀមីត្សូមី ដែលបច្ចុប្បន្ន មានរោងចក្រដំបូងរបស់ខ្លួន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ បានពង្រីកការវិនិយោគរបស់ខ្លួន ដោយបានសាងសង់រោងចក្រទី២ លើផ្ទៃដីប្រមាណ ៥០ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ខេត្តពោធិ៍សាត់ ក្នុងពេលសាងសង់រួច រោងចក្រផលិតគ្រឿងអគ្គិសនី នឹងត្រូវការកម្មករ និយោជិតជំនាញជាង ៥០០០នាក់ បានមកធ្វើការនៅទីនេះ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ




