អាមេរិកដកខ្លួនចេញពីអង្គការ UNESCO

បរទេស ៖ ការដកខ្លួនរបស់អាមេរិក ចេញពីអង្គការ យូណេស្កូ អនុវត្តតាមគោលនយោបាយ «អាមេរិកអាទិភាព» នេះបើតាម ក្រសួងការបរទេស។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce កាលពីថ្ងៃទី២២ ខែកក្កដា បានពន្យល់ពីការដកខ្លួនរបស់ប្រទេសនេះ ចេញពីអង្គការយូណេស្កូ (UNESCO) ដោយលើកហេតុផលថា ទីភ្នាក់ងារអង្គការសហប្រជាជាតិ មួយនេះ ផ្សព្វផ្សាយ «របៀបវារៈនៃមនោគមវិជ្ជាសកលនិយម» ដែលប៉ះទង្គិចជាមួយនឹងគោលនយោបាយការបរទេស America First ឬ «អាមេរិកអាទិភាព»។

លោកស្រី Tammy Bruce ក៏បានរិះគន់ការទទួលស្គាល់ របស់ UNESCO លើ ប៉ាឡេស្ទីន ធ្វើជារដ្ឋសមាជិក ហើយនិយាយថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីត្រួតពិនិត្យយ៉ាងទូលំទូលាយ ជុំវិញស្ថាប័នអន្តរជាតិនេះ ហើយត្រូវបានបញ្ជាផ្ទាល់ ពីប្រធានាធិបតី Donald Trump ។

អ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិក រូបនេះ បាននិយាយថា «ការចូលរួមបន្ត នៅក្នុងអង្គការយូណេស្កូ មិនមែនជាផលប្រយោជន៍ជាតិ របស់សហរដ្ឋអាមេរិកទេ»។

គួររម្លឹកថា លោកប្រធានាធិបតី Donald Trump ធ្លាប់បានបញ្ជាឱ្យដកខ្លួន ចេញពីអង្គការ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ របស់អង្គការសហប្រជាជាតិ មួយនេះ ម្តងរួចមកហើយ កាលពីឆ្នាំ២០១៧ ក្នុងអំឡុងពេលអាណត្តិដំបូង របស់លោក។ បន្ទាប់មក អតីត ប្រធានាធិបតី Joe Biden បានបង្កើតឲ្យមានសមាជិកភាព សហរដ្ឋអាមេរិក ឡើងវិញ។

UNESCO បានហៅការចាកចេញរបស់សហរដ្ឋអាមេរិក ដែលគ្រោងនឹងចូលជាធរមាន នៅខែធ្នូ ឆ្នាំ ២០២៦ »ជាការសោកស្តាយ» ប៉ុន្តែ មិនគួរឱ្យភ្ញាក់ផ្អើលទេ ហើយបាននិយាយថា ផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ក៏មានកម្រិតដែរ។

អគ្គនាយក UNESCO លោកស្រី Audrey Azoulay បាននិយាយថា «ខ្ញុំសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump ក្នុងការដកសហរដ្ឋអាមេរិក ម្តងទៀត ពីអង្គការយូណេស្កូ» ដោយបន្ថែមថា «ការផ្លាស់ប្តូរនេះ ផ្ទុយនឹងគោលការណ៍ជាមូលដ្ឋាន នៃ ពហុភាគីនិយម»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner