រុស្ស៊ីបង្ហើបថា លោក ត្រាំ និងលោក ពូទីនអាចជួបគ្នា នៅប៉េកាំង

បរទេស ៖ មេដឹកនាំរុស្ស៊ី លោក ពូទីន និងប្រធានាធិបតីអាមេរិក លោក ត្រាំ អាចនឹងជួបគ្នា នៅក្នុងទីក្រុងប៉េកាំង នាខែកញ្ញា ខាងមុខនេះ នេះគឺជាលើកឡើងរបស់វិមានក្រឹមឡាំង។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ ទី២១ ខែ កក្កដា ថាប្រទេសរុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សា អំពីការរៀបចំកិច្ចចរចា រវាងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន និងលោក ដូណាល់ ត្រាំ ប្រសិនបើពួកលោកទាំងពីរនាក់ ចូលរួមព្រឹត្តិការណ៍ព្យុហយាត្រាយោធា រំលឹកខួប លើកទី ៨០ នៃការបញ្ចប់សង្គ្រាម លោកលើកទីពីរ នៅប្រទេសចិន នាថ្ងៃទី៣ ខែកញ្ញា។

លោក Peskov បានអះអាងថា លោក ពូទីន បានទទួលយកការអញ្ជើញ ចូលរួមរួចហើយ។ លោក បានប្រាប់ថា ប្រសិនបើ លោក Trump ពិតជាទៅនៅទីនោះ ពិតណាស់ ជំនួបផ្លូវការ នឹងត្រូវរៀបចំធ្វើឡើង។ តែ វិមានក្រឹមឡាំង មិនទាន់បានដឹងថា តើលោក Trump នឹងទៅទីក្រុង ប៉េកាំង ឬ អត់ នោះទេ។

ទីភ្នាក់ងារសារព័ត៌មានក្យូដូ របស់ប្រទេសជប៉ុន បានរាយការណ៍ថា រដ្ឋាភិបាលចិន បានសម្រេចចិត្តអញ្ជើញ លោក Trump ខណៈដែលកាសែត The Times បានចុះផ្សាយថា ទីក្រុងប៉េកាំង កំពុងត្រៀម ធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ត្រីភាគី។ តែ មន្ត្រីចិន មិនបានបញ្ជាក់ ពីរបាយការណ៍ នេះទេ។

លោក ពូទីន និងលោក Trump បាននិយាយតាមទូរស័ព្ទ ជាច្រើនដង ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះអ៊ុយក្រែន។ យ៉ាងណាមិញ ថ្មីៗនេះ លោក Trump បានរិះគន់លោក ពូទីន ដោយចោទលោកថា ប្រឆាំងនឹងដំណោះស្រាយ បញ្ចប់សង្គ្រាម។ តែ វិមានក្រឹមឡាំង បានឆ្លើយតបថា ខ្លួនមានបំណងរក្សាការសន្ទនា ជាមួយវ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ជំនួបផ្ទាល់ចុងក្រោយ រវាង លោក ពូទីន និងលោក ត្រាំ គឺធ្វើឡើង ក្នុងអំឡុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ឆ្នាំ២០១៨ នៅប្រទេសហ្វាំងឡង់៕

ប្រភពី RT ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner