រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំង នឹងការរំលោភបំពានគ្រប់ទម្រង់លើកុមារនៅកម្ពុជា

(កណ្ដាល)៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរំលោភបំពានគ្រប់ទម្រង់ដល់កុមារនៅកម្ពុជា ខណៈការណ៍នេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បី គាំពារ និងលើកកម្ពស់សុខុមាលភាពកុមារកម្ពុជា ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត សម្ពោធដាក់ឱ្យប្រើប្រាស់មជ្ឈមណ្ឌលផ្កាឈូក អង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ។

សម្តេចធិបតី បានលើកឡើងថា កុមារ គឺជាអ្នកបន្តវេនរបស់ប្រទេសជាតិ ដូច្នេះហើយបានជារាជរដ្ឋាភិបាលបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក ហើយបានដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ និងបានដាក់ចេញនូវផែនការណ៍សកម្មភាពជាតិ ស្តីពីការទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ហើយនៅក្នុងនោះក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីកុមារបានកំពុងដើរតួនាទី, ការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាលលើការងារទាក់ទង់ និងការរស់រានមានជីវិត ការអភិវឌ្ឍ ការការពារ ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារផងដែរ ។

រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការឆ្នាំ២០១៩-២០២៩ ជាមួយចក្ខុវិស័យ ដោយធានាឲ្យកុមារគ្រប់រូបនៅក្នុងប្រទេសកម្ពុជាទទួលបានសិទ្ធិស្មើគ្នា ដូចមានចែកនៅក្នុងអនុសញ្ញា ស្តីពីសិទ្ធិកុមារ និងពិធីសារបន្ថែមមានសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបាននូវការការពារ សិទ្ធិអភិវឌ្ឍន៍ និងសិទ្ធចូលរួម និងគោលបំណងពង្រឹងការអនុវត្តប្រព័ន្ធកិច្ចការពារកុមារមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រទះក្រឡាគ្នាជាដើម។

ទាក់ទងនឹងកិច្ចគាំពារដល់កុមារនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសថ្លែងអំណរគុណចំពោះភាគីទាំងអស់ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងកិច្ចការនេះនាពេលកន្លងមកក៏ដូចជា បច្ចុប្បន្ន និងទៅអនាគត ហើយសម្តេចក៏បានប្រកាសត្រូវការអង្គការសង្គមស៊ីវិល ដែលជួយកម្ពុជាដោយបេះដូងពិតប្រាកដ ហើយរាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រ និងកិច្ចសហការកាន់តែជិតស្និទ្ធបន្ថែមទៀតផងដែរ ដើម្បីកុមារកម្ពុជា ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner