ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ចូលរួមផ្សព្វផ្សាយពីសក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជាលើឆាកអន្តរជាតិ

(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីចំនួន ២៥នាក់ (ស្រី១៣នាក់) ដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (JDS-2024 Scholarship) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT University Recommendation) នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ។

កម្មវិធីជួបសំណេះសំណាលនេះ បានផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធ ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។

ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរចំពោះនិស្សិតដែលទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ និងបានផ្តាំផ្ញើឱ្យចូលរួមធ្វើការផ្សព្វផ្សាយពីភាពវិជ្ជមានរបស់កម្ពុជាលើឆាកអន្តរជាតិ ជាពិសេស សក្តានុពលវិជ្ជមានសម្រាប់ការវិនិយោគ និងសក្តានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិឱ្យបានទូលំទូលាយ ដើម្បីបង្កើនការទាក់ទាញទេសចរណ៍ និងការវិនិយោគបន្ថែមមកកាន់កម្ពុជាសំដៅលើកស្ទួយប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាជន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានចែករំលែកបទពិសោធក្នុងការសិក្សា និងការរស់នៅប្រទេសជប៉ុន ព្រមទាំងក្រើនរំលឹកដល់និស្សិតអាហារូបករណ៍ទាំងអស់ធ្វើយ៉ាងណាបង្កើត និងរក្សាទំនាក់ទំនងល្អជាមួយនិស្សិតអន្តរជាតិ និងចូលរួមជាមួយបងប្អូនខ្មែរនៅជប៉ុន ជាពិសេស បងប្អូនពលករដើម្បីបង្កើតបរិយាកាសរីករាយជាមួយគ្នា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner