យុទ្ធនាការផ្សព្វផ្សាយស្ដីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិកនៅ​ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ៖”រស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគត​រុងរឿង”។នេះជាសារដាស់តឿនរបស់ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ​រាជរដ្ឋា​ភិបាល​ចុះជួយមូលដ្ឋានស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យក្នុងឱកាស​អញ្ជើញចូល​រួមជាអធិបតីក្នុង​យុទ្ធនាការ​ផ្សព្វផ្សាយស្តីពីការញែកសំណល់ និងកាត់បន្ថយប្លាស្ទិក​នៅស្រុកព្រះនេត្រព្រះនាដើមសប្ដាហ៍នេះ។

ថ្លែងទៅកាន់អ្នកចូលរួមជាអាជ្ញាធរដែនដី មន្ទីរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្សចំនួន២៥០នាក់ មកពីវិទ្យាល័យចំនួនប្រាំ ក្នុងស្រុកព្រះនេត្រព្រះ ព្រមទាំង​ឯកឧត្តម ប៉ាក សុខារ៉ាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានគណៈកម្មា​ធិការ​ដឹកនាំគម្រោង UN PAGE នៅបរិវេណសាលាស្រុក ឯកឧត្តម គង់ ច័ន្ទវាសនា បាន​បញ្ជាក់ថា យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការយល់ដឹង និងការចូល​រួម​របស់ប្រជាពលរដ្ឋ ជាពិសេស សិស្សានុ​សិស្ស ឱ្យយកចិត្តទុកដាក់ចូលរួមការពារ​បរិស្ថាន អនាម័យភូមិឋាន។ បែងចែក សំរាម និងកាត់ បន្ថយការ​ប្រើប្រាស់​ថង់ប្លាស្ទិក ដើម្បីសោភណភាព និងបរិស្ថានរស់នៅស្អាតនៅទូទាំងស្រុក ។

ក្នុងឱកាសនេះដែរ លោក ហឿន វីរៈ អភិបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ស្រុក​មាន៩ឃុំ​និងភូមិ១១៨ភូមិ។មានប្រជាពលរដ្ឋ​សរុបចំនួន២៦ ៧៤៩គ្រួសារ ស្មើនឹង ១១០ ៣៨៨នាក់។ដោយឡែកសិស្សមកចូលរួមក្នុង​យុទ្ធនាការផ្សព្វផ្សាយ​នាពេលនេះ មកពីប្រាំវិទ្យាល័យ រួមមាន វិទ្យាល័យឈ្នួរមានជ័យ វិទ្យាល័យទឹកជោរ វិទ្យាល័យ​បុស្បូវ វិទ្យាល័យជប់វ៉ារី និងវិទ្យាល័យរហាល។

តាមរយៈវត្តមានចូលរួមរបស់លោកគ្រូ អ្នកគ្រូ ពិសេស សិស្សានុសិស្ស, ឯកឧត្តមរដ្ឋ​លេខាធិការក្រសួងកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួង​បរិស្ថានបានបង្ហាញ​នូវរំពឹងខ្ពស់ ចំពោះលទ្ធផលនៃយុទ្ធនាការ​។ឯកឧត្តម បានផ្ដាំ​ផ្ញើដល់សិស្សានុសិស្ស​ទាំងអស់ត្រូវយកទៅអនុវត្ត និងបន្តផ្សព្វផ្សាយទៅមិត្តភក្តិបងប្អូននៅមូលដ្ឋាន​រៀងៗ​ខ្លួន ។ ត្រូវដើរតួនាទីជាគម្រូ៕


ដោយ៖ឃិន គន្ធា

ads banner