រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តប្រឆាំងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព

(កណ្តាល)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា រាជរដ្ឋាភិបាល ប្តេជ្ញាចិត្តប្រឆាំងនឹងអំពើរំលោភបំពានលើកុមារគ្រប់រូបភាព។ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ទាំងរដ្ឋ និងឯកជន សូមចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីប្រយុទ្ធប្រឆាំងអំពើរំលោភបំពានលើកុមារ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលផ្កាឈូក នាព្រឹកឭថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ស្ថិតនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ មជ្ឈមណ្ឌលនេះ ជាអង្គភាពការពារកុមារ នៃអង្គការមូលនិធិកុមារកម្ពុជា ។

សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ស្កុត នីសុន ស្ថាបនិក និងជាអគ្គនាយកអង្គការមូលនិធិកុមារកម្ពុជា, លោក ចេមស៍ ម៉ាខេប នាយកប្រតិបត្តិអង្គភាពការពារកុមារ, ក៏ដូចជាថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់អង្គភាពការពារកុមារ និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានលះបង់អស់កម្លាំងកាយចិត្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងប្រតិបត្តិការថែទាំ, គាំពារ, ការពារ និងស្តារនីតិសម្បទា ជូនដល់ជនរងគ្រោះដោយសារអំពើរំលោភបំពានសំដៅផ្តល់ក្តីសង្ឃឹមក្នុងជីវិតឡើងវិញ, ជាពិសេសសម្រាប់កុមារដែលងាយរងគ្រោះបំផុត ។

សម្តេចធិបតី បានថ្លែងថា អ្វីដែលលោក ស្កុត បានធ្វើសម្រាប់កុមារកម្ពុជា គឺជាការងារធ្វើចេញពីបេះដូងដោយសុទ្ធចិត្ត។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្ញប់ស្ញែងចំពោះទឹកចិត្តរបស់លោក ស្កុត ដែលបានលះបង់ជីវិតឡូយឆាយរបស់ខ្លួន ដើម្បីកុមារកម្ពុជា ។

សម្តេច ថា រាជរដ្ឋាភិបាលកម្ពុជា តាំងពីពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺតែងតែគាំទ្រចំពោះអង្គការទាំងឡាយ ដែលធ្វើការងារចេញពីចិត្ត ដើម្បីជួយកម្ពុជា ។ រាជរដ្ឋាភិបាល នីតិកាលទី៧ មានការប្តេជ្ញាចិត្តខ្ពស់ធ្វើការជាមួយអង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ្ច រំលោភបំពានលើស្ត្រី និងកុមារ ក៏ដូចជាលើកកម្ពស់ស្ត្រី ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាចិត្តដ៏មោះមុតក្នុងការប្រយុទ្ធប្រឆាំងចំពោះអំពើរំលោភបំពានគ្រប់រូបភាព សំដៅលើកស្ទួយសុខុមាលភាព ប្រជាពលរដ្ឋ, ជាពិសេសស្រ្តី និងកុមារ ដែលជាជនងាយរងគ្រោះបំផុត។

សម្តេចធិបតី ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន, អាជ្ញាធរគ្រប់លំដាប់ថ្នាក់, វិស័យឯកជន, សង្គមស៊ីវិល, ដៃគូអភិវឌ្ឍ, អង្គការជាតិ-អន្តរជាតិ សូមបង្កើនការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើរំលោភបំពានគ្រប់រូបភាពនៅទូទាំងប្រទេសកម្ពុជា ។

សម្តេចបវរធិបតី បានថ្លែងទៀតថា អង្គភាពការពារកុមារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ជាមួយគោលបំណងផ្តល់ការ ជ្រោមជ្រែងគ្រប់ ជ្រុងជ្រោយ នោក្នុងកិច្ចការស៊ើបអង្កេត និង កិច្ចការគាំពារកុមាររងគ្រោះដោយសារបទល្មើស, បៀតបៀន, កេងប្រវ័ញ្ច និង ជួញដូរ ។ លើសពីនេះ, អង្គភាពការពារកុមារ មានចក្ខុវិស័យវែងឆ្ងាយ មានបេសកកម្មច្បាស់លាស់ និង គុណតម្លៃត្រឹមត្រូវដែលបាន និង កំពុងដើរតួនាទីជាត្រីវិស័យ និងបង្គោលចរ សម្រាប់ដឹកនាំអង្គភាពនេះ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការគាំពារកុមារកម្ពុជា, តាមរយៈការផ្តល់សេវាកម្មស៊ើបអង្កេត និង សេវាកម្មគាំពារកុមាររងគ្រោះ ដោយសារអំពើរំលោភបំពាននានា ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា កុមារកម្ពុជា នៅតែជួបបញ្ហាប្រឈមមួយចំនួន ដូចជា អំពើហិង្សាលើកុមារ, ការកេងប្រវ័ញ្ច និង ការជួញដូរកុមារ, ការប្រើប្រាស់គ្រឿងញៀន និងសារធាតុញៀន, កុមារបម្លាស់ទី, កុមាររងផលប៉ះពាល់ដោយសារការធ្វើចំណាកស្រុក, កុមារបោះបង់ការសិក្សា,កុមារកង្វះអាហាររូបត្ថម្ភជាដើម។ ទន្ទឹមនេាហ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តិជាច្រើន ដើម្បីគំាពារ និងលើកកម្ពស់ សុខុមាលភាពកុមារកម្ពុជា។ ជាក់ស្តែង, រាជរដ្ឋាភិបាលបានបង្កើតក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្នុងឆ្នាំ២០០៩ និងដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីប្រព័ន្ធកិច្ចការពារកុមារ ឆ្នាំ២០១៩-២០២៩ ក្នុងឆ្នាំ២០២០។ ក្នុងនោះ, ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារបាន និង កំពុងដើរតួនាទីជាយន្តការសម្របសម្រួល និងផ្តល់យោបល់ជូនរាជរដ្ឋាភិបាល លើការងារទាក់ទងនឹងការរស់រានមានជីវិត, ការអភិវឌ្ឍ, ការការពារ, ការលើកកម្ពស់សុខុមាលភាព និងការចូលរួមចំណែករបស់កុមារ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ត្រូវបន្តសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ លើកកម្ពស់ការយល់ដឹង និងការផ្លាស់ប្តូរ ឥរិយាបថសង្គម ក្នុងការប្រព្រឹត្តបែបវិជ្ជមានចំពោះកុមារនៅគ្រប់ទីកន្លែងតាមរយៈ ការលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនទូទៅ និងក្រុមគោលដៅ អំពីការទប់ស្កាត់ភាពងាយរងគ្រោះរបស់កុមារ និងវិធីសាស្រ្តសម្រាប់ដោះស្រាយ និងទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner