រដ្ឋមន្ត្រីការបរទេសឡាវ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេលពីរថ្ងៃ
ភ្នំពេញ៖ឯកឧត្តម ថង សាវណ្ណ ភុមវិហាន (Thongsavanh PHOMVIHANE) រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោកជំទាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម ថង សាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេសឡាវនៅកម្ពុជា ជាការតបតាមការអញ្ជើញរបស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តម ថងសាវណ្ណ ភុមវិហាន នឹងមានព្រះរាជសវនាការ ជាមួយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងចូលជួបសម្តែងការគួរសមដាច់ដោយឡែកជាមួយ សម្តេចអគ្គមហាសនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី។ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឡាវ ក៏នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-ឡាវផងដែរ។
ក្រសួងការបរទេសកម្ពុជាបានគូសរំលេចថា ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរួមក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងប្រជាជនទាំងពីរ។
សូមជម្រាបថា ឆ្នាំ២០២៤កន្លងទៅទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានមានក្នុងនោះមានប្រទេសឡាវផងដែរ មានទំហំទឹកប្រាក់ជាង ១៤,៣ពាន់លានដុល្លារអាមេរិក ពោលកើនឡើង ១២,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនេះ កម្ពុជាបាននាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៤,៦២០លានដុល្លារ កើនឡើង ៨,៨៧ ភាគរយ ,ចំណែកការនាំចូលពីបណ្តាប្រទេសសមាជិកអាស៊ានចូលមកកាន់កម្ពុជាមានទឹកប្រាក់ ៩,៦៨៩ លានដុល្លារ កើនឡើង ១៤,៨៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ៕



ដោយ៖មុនី