រឿងដោះមនុស្សចំនួន០៥ពាក់ព័ពន្ធឆបោកតាមអនឡាញ៖ អង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចធ្វើការឃាត់ខ្លួនលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ពាក់ព័ន្ធករណីទទួលប្រាក់ពីមេការ Online Scam ដើម្បីដោះមនុស្សចំនួន០៥ (ប្រុសចិនម្នាក់ និងស្រីវៀតណាម៤នាក់) នៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាថ្នូរនឹងការមិនធ្វើនីតិវិធីទៅលើជនទាំង៥នាក់ ដែលសមត្ថកិច្ចរកឃើញពីក្នុងប្រតិបត្តិការបង្ក្រាបអំពើឆបោកតាមអនឡាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥។ ការឃាត់ខ្លួននេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។

លោក យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងទៅពុកលួយ ដែលដឹកនាំការស៊ើបអង្កេតនេះ បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានចាត់មន្ត្រីចេញទៅខេត្តពោធិ៍សាត់ភ្លាមៗនៅពេលអាធ្រាត្រថ្ងៃទី១៦ ខែកក្តដា ហើយថ្ងៃទី១៨ ខែកក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្ត្រីស៊ើបអង្កេតរបស់អង្គភាពប្រឆាំងពុកលួយ បានចុះទៅស្រាវជ្រាវប្រមូលភស្តុតាងដល់ទីកន្លែងឃុំថ្មដា។

លោក ហ៊ូ ស្ថាបនា អគ្គនាយករង នៃអគ្គនាយកដ្ឋានប្រតិបត្តិការ នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប្រធានក្រុមស៊ើបអង្កេតផ្ទាល់ករណីនេះ បានស្ដាប់ចម្លើយលោក គ្រី សីហា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត រហូតដល់ឃើញ មានបន្ទុកគ្រប់គ្រាន់ទើបសុំការអនុញ្ញាតពីប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនលោក គ្រី សីហា។

គួររម្លឹកឱ្យដឹងថា​ តាមរយៈសារសម្លេងដែលបែកធ្លាយសំឡេងសម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រតិកម្មរឿងលោក គ្រី សីហា ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ រត់ការដោះលែងអ្នកដែលពាក់ព័ន្ធឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សម្តេចធិបតីក៏បានបញ្ជាឱ្យក្រសួងយុត្តិធម៌ចាត់ចែងជាបន្ទាន់ ហើយបើសិនជាមានការយកលុយយកកាក់ខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅក្នុងគណ:កម្មការចំពោះកិច្ចត្រូវចាត់ការភ្លាមអតមានចាំស្អែកទេ។
បន្ទាប់ពីសម្តេចធិបតីប្រតិកម្ម ក្រសួងយុត្តិធម៌សម្រេចផ្អាកមុខងារជាបណ្តោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឱ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោភបំពាន ក្នុងការដោះលែងជនល្មើសដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅក្នុងខេត្តពោធិ៍សាត់៕
ដោយ៖ពលជ័យ

ads banner