កម្ពុជា ប្រកាសសម្រេចទម្លាក់កម្រិតការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត (ត្រឹមលេខាទី២) ហើយតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួលចេញពីកម្ពុជាដូចគ្នា ដើម្បីជាការឆ្លើយតបចំពោះការបណ្តេញឯកអគ្គរាជទូតកម្ពុជា ពីទីក្រុងបាងកក

(ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយនានារបស់ថៃដូចជាកាសែត The Nation នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ បានចុះផ្សាយថា «ថៃបានសម្រេចចិត្តទម្លាក់ កម្រិតការទូតជាមួយកម្ពុជាដោយកោះហៅឯកអគ្គរាជទូតថៃពីកម្ពុជា និងបណ្តេញឯកអគ្គរាជទូតកម្ពុជាចេញពីទីក្រុងបាងកក» ។

ជាការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទម្លាក់កម្រិតទំនាក់ទំនងការទូតកម្ពុជាថៃ ឱ្យមកនៅទាបបំផុត ត្រឹមលេខាទី២ និងដកមន្ត្រីផ្សេងទៀតទាំងអស់ ដែលបម្រើការងារនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក ឱ្យត្រឡប់មកប្រទេសកម្ពុជាវិញ និងតម្រូវឱ្យមន្ត្រីទូតថៃ កែសម្រួល ចេញពីកម្ពុជាដូចគ្នា ។

ការប្រកាសបណ្តេញមន្ត្រីទូតថៃ ធ្វើឡើងបន្ទាប់ពីភាគីថៃបានកោះហៅឯកអគ្គរាជទូតរបស់ខ្លួនត្រឡប់ពីកម្ពុជាទៅប្រទេសថៃវិញ និងបណ្តេញឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងបាងកក ក្រោមលេសគ្មានមូលដ្ឋានច្បាស់លាស់រឿងផ្ទុះមីន។

ការអះអាងដែលគ្មានភស្តុតាងរបស់ថៃបែបនេះ ត្រូវបានគេមើលឃើញថា ជាចេតនារបស់ថៃ ក្នុងការទម្លាក់កំហុសមកលើភាគីកម្ពុជា ដើម្បីធ្វើឲ្យប្រតិកម្មផ្នែកការទូតរបស់ខ្លួន ហាក់ដូចជា គ្មានភាពសមហេតុផល។ ទង្វើនេះបានបង្ហាញពីការខ្វះសុឆន្ទៈ ក្នុងការដោះស្រាយបញ្ហាតាមរយៈកិច្ច សន្ទនា និងបានជ្រើសរើសយកការប្រឈមមុខដាក់គ្នាជំនួសវិញ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner