វត្ថុតាងគ្រឿងញៀនជាង២៤៧គីឡូក្រាម ត្រូវបានដុតកម្ទេចចោល
ស្វាយរៀង៖វត្ថុតាងគ្រឿងញៀនដែលរឹបអូសបានក្នុងការបង្រ្កាបមានទម្ងន់ជាង២៤៧ គីឡូក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់ និងការប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ត្រូវបានដុតកម្ទេចចោលនៅក្នុងកម្មវិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (ថ្ងៃទី២៦ ខែមិថុនា)ក្រោមប្រធានបទ« រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា »កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥។
ពិធីនេះអញ្ជើញចូលរួមឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខា ធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
នៅក្នុងឱកាសនោះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបានស្នើដល់គ្រប់អង្គភាពអនុវត្តច្បាប់ កងកម្លាំង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមឈរលើស្មារតី «៣ កុំ ១ រាយការណ៍» គឺកុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និងត្រូវរាយការណ៍ ដោយត្រូវមានភាពម៉ឺងម៉ាត់ច្បាស់លាស់ និងប្រើប្រាស់វិធានក្តៅដោយគ្មានការលើកលែង ក្នុងការបង្ក្រាបបទឧក្រិដ្ឋគ្រឿងញៀន បង្ក្រាបឱ្យបានដល់មេខ្លោងចែកចាយ ដើម្បីកាត់ផ្តាច់ចរន្តទីផ្សារ ឈានទៅលុបបំបាត់ឱ្យបាននូវឫសគល់នៃបញ្ហាគ្រឿងញៀនក្នុងសហគមន៍។ឯកឧត្តមបន្តថា កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតំបន់ព្រំដែន ត្រូវពង្រឹងយន្តការត្រួតពិនិត្យនៅតាមច្រកទ្វារព្រំដែននានាក្នុងខេត្តឱ្យបានតឹងរ៉ឹងបំផុត ។ទប់ស្កាត់ឱ្យបានការនាំចូលនូវសារធាតុគីមីផ្សំគ្រឿងញៀនគ្រប់ប្រភេទ ។
សូមបញ្ជាក់ថា នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមអភិបាលខេត្តរួមទាំងគណៈអធិបតីបានអញ្ជើញពិនិត្យនិងដុតបំផ្លាញវត្ថុតាងគ្រឿងញៀនដែលរឹបអូសបានមានទម្ងន់សរុប ២៤៧ ៦៤៨,២២ ក្រាម ស្មើនឹងជាង២៤៧គីឡូក្រាម ព្រមទាំងសម្ភារៈវេចខ្ចប់ និងសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត៕




ដោយ៖នុត នាង