ក្រសួងរៀបចំដែនដី បានកំពុងឈានទៅគ្រប់គ្រងទិន្នន័យសំណង់ គ្រប់គ្រងការដ្ឋានសំណង់ និងគ្រប់គ្រងពលករវិស័យសំណង់
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំពុងឈានទៅគ្រប់គ្រង សំណង់ ការដ្ឋាន គ្រឿងបង្គុំសំណង់ និងលិខិតបទដ្ឋានពាក់ព័ន្ធក្នុងវិស័យ ។ ការគ្រប់គ្រងទិន្នន័យដោយប្រព័ន្ធព័ត៌មានវិទ្យានេះ នឹងធ្វើឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ អាចក្តាប់បានជាក់លាក់នូវទិន្នន័យរួម ។
ថ្លែងក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យសំណង់តាមប្រព័ន្ធព័ត៌មានវិទ្យា ដល់មន្ត្រីជំនាញនៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់និងសុរិយោដីរាជធានី ខេត្ត នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នេះគឺជាការបើកសមរភូមិថ្មីមួយទៀតចំពោះកិច្ចការរៀបចំរបៀបរបបការងារថ្មីនិងការផ្លាស់ប្ដូរផ្នត់គំនិតថ្មីក្នុងការអនុវត្តការងារស្ដីពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យសំណង់តាមប្រព័ន្ធព័ត៌មានវិទ្យា ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានយកធ្វើជាចន្លុះបំភ្លឺផ្លូវ សម្រាប់រៀបចំប្រទេសជាតិអោយមានសណ្តាប់ធ្នាប់របៀបរៀបរយ ហើយអ្វីដែលក្រសួងបានធ្វើនេះក៏ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលផងដែរ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យសំណង់, លិខិតអនុញ្ញាតសាងសង់, លិខិតបើកបិទការដ្ឋាន,វិញ្ញាបនបត្រប្រើប្រាស់សំណង់, គឺអាចស្នើសុំមកដោយផ្ទាល់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬអាចស្នើសុំតាមរយៈប្រព័ន្ធអេឡិកត្រូនិកបាន ។
ឯកឧត្តមបានណែនាំដល់ថ្នាក់ដឹកនាំក្រសួង ត្រូវពិនិត្យមើលប្រព័ន្ធគ្រប់គ្រងការដ្ឋានសំណង់ និងប្រព័ន្ធគ្រប់គ្រងពលករវិស័យសំណង់ ដោយត្រូវមានទិន្នន័យច្បាស់លាស់អំពីចំនួនពលករនិងជំនាញរបស់ពលករនិមួយៗ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជំរុញដល់ថ្នាក់ដឹកនាំក្រសួងត្រូវរួមគ្នាទទួលខុសត្រូវចំពោះបញ្ហាសន្តិសុខនិងប្រទេសជាតិដោយត្រូវពិនិត្យរាល់ការសាងសង់សំណង់នានាឱ្យបានសមស្របតាមទីតាំងនីមួយៗធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ទន្ទឹមនេះ ឯកឧត្តមក៏បានផ្ដល់ការណែនាំឱ្យគិតគូរអំពីឧស្សាហកម្មផលិតគ្រឿងសំណង់សំរាប់ប្រើប្រាស់ក្នុងស្រុក និងលក់ចេញទៅបរទេសដើម្បីបង្កើតប្រភពចំណូលសម្រាប់ជាតិ និងជួយដល់ប្រជាពលរដ្ឋអោយមានការងារធ្វើក្នុងវិស័យនេះផងដែរ ។
សូមជម្រាបជូនថា ជាមួយការប្រើប្រាស់យន្តការគ្រប់គ្រងទិន្នន័យសំណង់បែបទំនើបនេះ យើងនឹង ឈានទៅរៀបចំគោលនយោបាយជាក់លាក់សម្រាប់វិស័យសំណង់នៅកម្ពុជា ដែលជាវិស័យមួយបានបង្កើតឱកាសការងារ និងប្រាក់ចំណូលជាច្រើនដល់ ប្រជាជនកម្ពុជា ៕
ដោយ / គ្រី សម្បត្តិ














